ទំព័រដើម ទំព័រដើម ស្គាល់គ្នាតាមហ្វេសប៊ុកប្រាំមួយខែ ស្រីស្នេហ៍ ខលហៅទៅយក នាំបក្សពួក វាយប្លន់យកម៉ូតូបានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

ស្គាល់គ្នាតាមហ្វេសប៊ុកប្រាំមួយខែ ស្រីស្នេហ៍ ខលហៅទៅយក នាំបក្សពួក វាយប្លន់យកម៉ូតូបានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

- ពាណិជ្ជកម្ម -

ភ្នំពេញ: យុវជនម្នាក់បានស្គាល់នារីម្នាក់តាមហ្វេសប៊ុករយៈពេលប្រាំមួយខែ ដោយស្រីស្នេហ៍ ខលហៅទៅយក ខំជិះម៉ូតូទាំងកណ្ដាលយប់ ស្រាបតែស្រីស្នេហ៍ នាំបក្សពួកមកវាយប្លន់យកម៉ូតូបានសម្រេច ហើយនាំគ្នាគេច ខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត១១យប់ ថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវលំ ដីវាលមួយកន្លែង ម្តុំខាងក្រោយវត្តព្រៃស្ពឺស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស្រេង ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកដឹកម្ហូបអាហារ តាមអនឡាញ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ សង្កាត់ដង្កោរាជ ធានីភ្នំពេញ មានស្រុកកំណើតនៅ ឯខេត្តកំពង់ឆ្នាំង។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២២ ខ្មៅកាំបន្ទះ ពាក់ស្លាកលេខភ្នំពេញ1JN-9101។ចំណែកនារីជនសង្ស័យមានឈ្មោះស្រីពៅ រីឯបក្សពួកផ្សេងទៀតមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់ស្រមោល។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា រូបគាត់បានស្គាល់នារីជាជនសង្ស័យ រយៈពេល ប្រាំមួយខែ មកហើយ ដោយមិនដែលបានជួបគ្នាទេឃើញតែរូបតាមទូរស័ព្ទ ហើយមុនកើតហេតុរូបគាត់ កំពុងអង្គុយលេងនៅចំណុចមុខក្លឹបមួយកន្លែង តាមបណ្តោយផ្លូវ ក្នុងសង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ ស្រាប់តែនារីជាជនសង្ស័យ បានខលទូរស័ព្ទហៅខ្លួនឲ្យទៅយក ដោយប្រាប់ខ្លូនថាមកយកទៅដេកជាមួយផងដោយគ្មានកន្លែងដេកនោះទេ។

ប្រភពដដែលបានបន្តទៀតថាលុះរូបគេជិះម៉ូតូមកដល់កន្លែងកើតហេតុខាងលើ ក៍ឃើញនារីជាជនសង្ស័យតែម្នាក់ឯង ដោយមិនដឹងថានារីរូបនោះហៅបក្សពួកមកចាំវាយប្លន់នោះទេ លុះនិយាយគ្នាមួយសន្ទុះ នារីជាជនសង្ស័យខាងលើបានបន្លំលួចដកសោរម៉ូតូរបស់គាត់ ហើយបានរត់ចូលទៅគម្ពោតព្រៃ ជាប់នឹងស្ពានថ្មមួយបាត់តែម្តង។ ស្រាប់តែលេចមុខជនសង្ស័យសុទ្ធតែមនុស្សប្រុសមួយក្រុមប្រមាណ៦ទៅ៧នាក់ នាំគ្នាចេញពីក្រោមស្ពានប្រដាប់ដោយដាវ កំបិត និងដំបង ហើយធ្វើសកម្មភាពដេញវាយនិងកាប់ទៅលើរូបគាត់ បណ្ដាលឲ្យរូបគាត់ភ័យស្លន់រត់យករួចខ្លួនសិន។បន្ទាប់មកជនសង្ស័យទាំងនោះនាំគ្នាយកម៉ូតូរបស់គាត់ហើយនាំនារីដែលរូបគាត់ស្គាល់នោះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបានទំនាក់ទំនងហៅមិត្តភក្កិរួចជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកចាប់ខ្លូនសង្ស័យដើម្បីយកមុខផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម