កោះកុង÷ ដីព្រៃលិចទឹកក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដង ពែង ដែលត្រូវបានការពារដោយក្រសួងបរិស្ថាន និងបានហាម ប្រាមមិនអនុញ្ញាតិឲ្យជនណាម្នាក់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ស្រាប់តែពេលថ្មីៗនេះ ដីព្រៃលិចទឹកមួយកន្លែង ស្ថិតនៅចំណុចកំពុងឡាន ក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ត្រូវបានបុគ្គលមួយរូប ដឹកអាចម៍ដី និងដាក់ម៉ាសុីនបូមខ្សាច់ជាច្រើនគ្រឿង បូមលុបព្រៃលិចទឹកដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ខណៈដែលមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ ។
តាមការលើកឡើងពីពលរដ្ឋនៅ ក្នុងឃុំខាងលើបានឱ្យដឹងថា ទីតាំងព្រៃលិចទឹកខាងលើ កន្លងមកពុំមានបុគ្គលណាម្នាក់ហ៊ានរុករានទន្រ្ទានយកនោះទេ ព្រោះតំបន់នេះជាតំបន់អភិរក្ស តែនាពេលថ្មីៗនេះ ស្រាប់តែលិចមុខបុគ្គលមានលុយម្នាក់ ដាក់គ្រឿងចក្រ និងម៉ាស៊ីនបូមខ្សាច់ច្រើនគ្រឿង ធ្វើសកម្មភាពលុបយ៉ាងបំពានដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ដោយមិនខ្លាចញញើតទៅនិងការហាមឃាត់របស់ជំនាញពាក់ព័ន្ធ និងផ្លូវច្បាប់ឡើយ ។
ប្រភពខាងលើ បានបន្តទៀតថាសកម្មភាពចាក់លុបតំបន់ការពារទាំងបំពានបែបនេះ តែងតែបានធ្វើសកម្មភាពចេញពីសំណាក់បុគ្គលមានលុយ និង អំណាច ខណៈអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ហាក់ធ្វើព្រងើយដោយមិនសូវបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបឬទប់ស្កាត់នោះឡើយ វាហាក់បីដូចជាមានការបិទបាំងភ្នែកច្រមុះរបស់ជំនាញពាក់ព័ន្ធ ។
ប្រជាពលរដ្ឋខាងលើ បានលើកឡើងទៀតថា កន្លងមកតំបន់លិចទឹកខាងលើ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច លើកជាទំនប់ទឹកប្រៃ ដើម្បីទប់ទឹកប្រៃ មិនអោយហូរបំផ្លាគដំណាំស្រូវរបស់ពលរដ្ឋ ហើយព្រៃលិចទឹកដែលនៅក្រៅទំនប់ត្រូវបានជំនាញពាក់ព័ន្ធ ហាមប្រាមមិនអោយជនណាម្នាក់ធ្វើការកាប់រុករានទន្ទ្រាននោះទេ បើបុគ្គលណាហ៊ានច្បាស់ជាទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន តែពេលនេះបែជាត្រូវបានបុគ្គលមានលុយ និងអំណាច ចាក់ដី និង បូមខ្សាច់លុបយ៉ាងរំភើយទៅវិញ ចាំមើលថាតើអាជ្ញាធរមានសមត្ថកិច្ច និង ជំនាញពាក់ព័ន្ធ អាចនិងមានវិធានផ្លីវច្បាប់យ៉ាងណាចំពោះបុគ្គលបំពាន ឬថាពួកគាត់អាចត្រូវថ្នាំងសន្តំពីក្រុមឈ្មួញ ទើបបានជាពួកគាត់ធ្វើមិនដឹងមិនឮបែបនេះ ។
ជុំវិញការចោទប្រកាន់ខាងលើ លោក ទី យោង មេឃុំដងពែង បានបញ្ជាក់អោយដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះថា ចំពោះការចាក់ដី និងបូមខ្សាច់នៅតំបន់ខាងលើ លោកពុំបានដឹងថាមានច្បាប់ហើយឬនៅនោះទេ តែលោកគ្រាន់តែបានដឹងថា កន្លងមកខាងអាជ្ញាធរស្រុក និងខាងក្រសួងបានចុះទៅពិនិត្យច្រើនដងមកហើយ ។
ចំណែក លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិលក៏បានអោយដឹងតាមទូរស័ព្ទដែរថា លោកកំពុងចាត់កម្លាំងចុះពិនិត្យនៅទីតាំងខាងលើហើយ នារសៀលថ្ងៃទី៨ ខែមិថុនានេះ តែការចុះពិនិត្យនេះ គឺខាងលោកពុំអនុញ្ញាតអោយខាងសារពត៍មានចូលបាននោះទេ ដោយលោកធ្វើការងាររដ្ឋបាលជាមុនសិន ។
បើទោះបីជាមានការបកស្រាយយ៉ាងនេះក្តី ដោយឡែក លោក ប៉ិច ស៊ីយ៉ុន ប្រធានរ៉ែ និងថាមពលខេត្តកោះកុង ក៏បានថ្លែងបញ្ជាក់តាមទូរស័ព្ទថា ចំពោះករណីបូមខ្សាច់ខាងលើ គឺគេបានសុំច្បាប់ពីខាងខេត្តរួចហើយ តែខេត្តនៅពុំទាន់ចេញច្បាប់អនុញ្ញាតនៅឡើយទេ ហេតុនេះអាជ្ញាធរបានប្រាប់អោយភាគីម្ចាស់ទីតាំងខាងលើផ្អាកសកម្មភាពរួចហើយ តែបើម្ចាស់ទីតាំងខាងលើ នៅតែពុំព្រមអនុវត្តតាម ហើយបើនៅតែបន្តសកម្មភាពទៀតនោះ ខាងជំនាញនិងចុះទៅដកហូតគ្រឿងចក្រ ៕ ដោយ ញុឹប សន