
ប៉ៃលិន៖ បុរសជាពូថ្លៃម្នាក់រងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈទាស់ពាក្យសម្តីជាមួយក្មួយបន្តិចបន្តួច បន្ទាប់ពីផឹកស៊ីជាមួយគ្នា ស្រាប់តែជនដៃដល់ទាញពូថៅកាប់ប្រហារ ចំនួន៣ពូថៅ ចំក្បាលបណ្តាលឱ្យរបួសធ្ងន់ធ្ងរ។
ហេតុការណ៍ក្មួយទាញពូថៅកាប់ប្រហារពូថ្លៃនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះ ឈ្មោះ វើយ ស្ថិតក្នុងភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៍មានបានឱ្យដឹង ជនរងគ្រោះមាន ឈ្មោះ ពក ពឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុងភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ផុងលលាដ៍ក្បាលដេរអស់ច្រើនថ្នេរ។
ចំណែកជនបង្ក ឈ្មោះ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ មានទីលំនៅក្នុងភូមិជាមួយគ្នា។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនបង្កបានយកពូថៅ ដែលលាក់ទុកនៅផ្ទះរបស់ឈ្មោះ វើយ លុះជនរងគ្រោះ ដើរទៅក្បែរក៍ទាញកាប់ប្រហារ ចំក្បាលជនរងគ្រោះចំនួន០៣ពូថៅ បណ្តាលអោយរបួសធ្ងន់ (ផុងលលាដ៍ក្បាល)។ ក្រោយពេលកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេបញ្ចូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កំពុងរៀបចំបញ្ជូនបន្ត ទៅសង្គ្រោះបន្ទាន់នៅខេត្តបាត់ដំបង ចំណែកឯជនសង្ស័យកម្លាំងជំនាញកំពុងតាមដាន ស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ