
ភ្នំពេញ: បុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងជ្រុលបុករថយន្ត Ford ពីក្រោយពេញទំហឹងខណៈកំពុងឈប់រង់ចាំភ្លើងស្តុប កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបផ្លូវបែកជាបី តាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវ ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយរថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចដេញឃាត់ជាប់បានមកវិញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFordមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BR-3159ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ ១៨២បានឈប់ចាំភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AZ-1059 ធ្វើដំណើរស្របគ្នាមកពីក្រោយជ្រុលបុករថយន្ត Ford ពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំរៀងខ្លួន ភ្លាមនោះរថយន្តtoyota prius មិនបានឈប់ធ្វើការដោះស្រាយគ្នាទេបានព្យាយាមបើករត់រហូតដល់ផ្លូវ ៥៩៨ ចំណុចស្តុបត្រឡប់បែកត្រូវបានសមត្ថកិច្ចដេញឃាត់ជាប់ រួចយកមកកន្លែងកើតហេតុវិញ។
ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ដោយភាគីបង្កបានចេញសំណងចំនួន៤០០ ដុល្លារទៅឲ្យភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់