កោះកុង ÷ ករណីរំលោភបំពានដីព្រៃ និងចំណីព្រែកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ពីសំណាក់ជនខិលខួចនៅតែកើតមាន បើទោះជាក្រុមឈ្មួញទាំងនោះបានដឹងថា វាជាទង្វើខុសច្បាប់យ៉ាងណាក្តី ជាក់ស្តែងនៅពេលថ្មីៗនេះ ដីមួយកន្លែងស្ថិតនៅចំណុចព្រែកជីក (ក្បាលព្រែកតានូន) ក្នុងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ កំពុងត្រូវបានក្រុមឈ្មួញធ្វើសកម្មភាពឈូសឆាយប្របតាមបណ្តោយមាត់ព្រែកយ៉ាងពេញទំហឹង ដោយមិនទាន់មានការចុះហាមប្រាម និងទប់ស្កាត់ពីសំណាក់អាជ្ញាធរនិងជំនាញពាក់ព័ន្ធនៅឡើយ ដោយក្រុមឈ្មួញធ្វើសកម្មភាពឈូសឆាយសំអាងទៅលើលិខិតផ្ទេរសិទ្ធិមួយសន្លឹក និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកគីរីសាគរ ស្ដីពីការចុះវាស់វែងអចលនទ្រព្យដែលមិនទាន់ចុះបញ្ជីដោយផ្អែកតាមសំណើរបស់ឈ្មោះរៀម រី តែប៉ុណ្ណោះ
រឿងរ៉ាវនេះ ត្រូវបានប្រជាពលរដ្ឋដាក់ជាសំណួរថា តើបុគ្គលបំពានសំអាងទៅលើហេតុផលអ្វីបានជាពួកគេ ហ៊ានឈូសឆាយដីព្រៃប្របមាត់ព្រែកដោយមិនខ្វល់នេះពីផលប៉ះពាល់ ទៅនិងផ្លូវច្បាប់បែបនេះ ឬថាពួកគេអាចមានខ្សែខ្នងធំៗនៅពីក្រោយ ។
បើយោងតាមប្រជានេសាទដាក់ លបក្តាមតាមតំបន់ព្រែកខាងលើ បានបង្ហើបឲ្យដឹងថា ករណីឈូសឆាយដីព្រៃនៅតាមមាត់ព្រែកនេះ គឺឈ្មោះហុន ខូវ និងឈ្មោះ ឌី សេងហាក់ ជាអ្នកយកគ្រឿងចក្រអេស្កា (អាអុិច) មកឈូសឆាយដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែចំពោះមានឬគ្មានច្បាប់យ៉ាងណានោះពួកគាត់មិនបានដឹងទេ ។
បើយោងតាមប្រជាពលរដ្ឋផ្សេងៗទៀត បានឲ្យដឹងដែរថា ដីព្រៃនៅតាមមាត់ព្រែក បើតាមពួកគាត់ដឹងមិនមានច្បាប់អនុញ្ញាតឲ្យឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ តែការឈូសឆាយបានដោយរលូនទាំងនេះ ប្រហែលជាមានការត្រូវរ៉ូវគ្នាណាមួយជាមួយអាជ្ញាធរពាក់ព័ន្ធហើយ បើមិនដូច្នោះពិតជាមិនអាចធ្វើសកម្មភាពឈូសឆាយទ្រង់ទ្រាយធំបានដោយរលូនបែបនេះនោះឡើយ ។
ទាក់ទិននឹងការឈូសឆាយដីព្រៃ និងចំណីព្រែកខាងលើ លោក ឡុញ សុផល មេឃុំភ្ញីមាស បានទទួលស្គាល់ ដោយបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដីជាប់ចំណីព្រែកបើតាមច្បាប់ភូមិបាល គេមិនឱ្យធ្វើការឈូសឆាយនោះទេ ហើយករណីនេះ លោកជម្រាបជូនថា ចំពោះអាជ្ញាធរ ក៏បានប្រាប់ដែរ ចំនួន ២០ ម៉ែត្រ ជាប់បណ្ដោយមាត់ព្រែកជាដីសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចឈូសឆាយយកធ្វើអ្វីតាមអំពើ ចិត្តបានទេ ។
តែយ៉ាងណាក៏ដោយ ទោះបីជាលោកដឹងថា ដីទាំងនោះជាដីសាធារណៈរបស់រដ្ឋក៏ដោយ ក៏លោកនៅតែមិនអើពើ និងមិនមានវិធានការណាមួយជាមួយអ្នកប្រព្រឹត្តនោះដែរ ។ បែជាលោកមេឃុំភ្ញីមាស ឡុញ សុផល និយាយថា ដីដែលគេធ្វើការឈូសឆាយខាងលើនេះ គឺគេមានប្លង់ត្រឹមត្រូវ មិនចាំបាច់មាន ច្បាប់អនុញ្ញាតឈូសឆាយនោះទេ ម្យ៉ាងទៀតនៅតាមបណ្ដោយមាត់ព្រែកនោះ គឺម្ចាស់គេឈូសឆាយសម្រាប់ទុកធ្វើកញ្ចុះ ។
គួរបញ្ជាក់ថា កន្លងមកអាជ្ញាធរ ក៏ដូចជាជំនាញពាក់ព័ន្ធធ្លាប់បានលើកឡើងដែរថា បើទោះបីជាដីរបស់បងប្អូនមានលិខិតកាន់កាប់ត្រឹមត្រូវក៏ដោយ រាល់ការធ្វើសកម្មភាពឈូសឆាយ ឬចាក់បំពេញអាចម៍ដី ម្ចាស់ទីតាំងត្រូវធ្វើការស្នើសុំច្បាប់អនុញ្ញាតទៅតាមរយះអាជ្ញាធរ ឃុំ /ស្រុក /ខេត្ត ជាមុនសិន ទើបអាចធ្វើសកម្មភាពឈូសឆាយ ឬចាក់បំពេញអាចម៍ដីបាន ។
ពាក់ព័ន្ធនិងបញ្ហាខាងលើ ក្រុមការងារយើងនៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក ចេង មុន្នីរិទ្ធិ អភិបាលស្រុកគិរីសាគរបាននៅឡើយទេ ដោយសារខលពុំចូល តែក្រុមការងារនិងព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោកបន្ថែមទៀត ដើម្បីអោយកាន់តែច្បាស់ថាតើការឈូសឆាយដីព្រៃប្របមាត់ព្រែកខាងលើ មានច្បាប់អនុញ្ញាតដែរឬយ៉ាងណា ៕ ដោយញុឹប សន