
បន្ទាយមានជ័យ៖ឃុំចំនួន៣ក្នុងស្រុកមង្គលបូរី ភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យលិចស្រូវប្រជាពលរដ្ឋជាង២ពាន់ហិកតា គិតរហូតដល់ត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ។
តាមរបាយការណ៍រដ្ឋបាលស្រុកមង្គលបូរីនៅត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះស្រុកមង្គលបូរីបានរងគ្រោះដោយជំនន់ទឹកភ្លៀងបណ្តាលលិចស្រូវប្រជាកសិករចំនួន៣ឃុំដែលប៉ះពាល់២៤៤០ហិកតា ប៉ះពាល់មាន១.ឃុំរហាត់ទឹកប៉ះពាល់១២ភូមិ ប៉ះលិចស្រែ ១១៩០ហិកតា ២.ឃុំអូរប្រាសាទប៉ះពាល់៤ភូមិលិចស្រែ ៦០០ហិកតា និងទី៣.ឃុំចំណោមប៉ះពាល់៧ភូមិ លិចស្រែ៦៥០ហិកតា។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងតំបន់ខាងលើនេះ មានភ្លៀងជាប់ៗគ្នា ប្រហែល១សប្តាហ៍ហើយ ដែលបណ្តាលឲ្យ ស្រូវរងការលិចលង់។ ស្រូវដែលបង្កបង្កើនផលព្រួសដីស្ងួតអាចខូចដោយស្អុយគ្រាប់មិនអាចដុះបាន ហើយស្រូវដែលដុះហើយបើទឹកនៅបន្តលិចអាចខូចដូចគ្នា។ភាគច្រើនប្រជាកសិករបង្កបង្កើនផលស្រូវមានប្រភេទស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ាដែលជាស្រូវមិនប្រកាន់រដូវនិងស្រូវនាងខុនដែលជាស្រូវកណ្តាល។
ប្រជាកសិករបានលើកឡើងថា មូលហេតុដែលមានទឹកលិចមុនរដូវរបៀបនេះ ដោយសារ ក្រសួងធនធានទឹកនិងឧតុនិយមបានកសាងសំណង់ពោធិ៍២ដើមស្ថិតភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដែលបិតស្ទឹងមិនអោយហូរទៅផ្នែកខាងក្រោមទើបបណ្តាលចាល់ជន់លិច ស្រូវប្រជាលកសិកររាប់ពាន់ហិកតាដែលខាតបង់ទាំងពូជន៍ស្រូវនិងថ្លៃភ្ជួររាស់កម្លាំងពលកម្ម។
លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយពីជំនន់ទឹកភ្លៀងបានជនលិចស្រូវប្រជាពលរដ្ឋនៅតាមឃុំមួយចំនួនក្នុងស្រុកមង្គលបូរី មន្ត្រីជំនាញបានចុះសិក្សានិងរកដំណោះស្រាយដោយបង្ហូរទឹកតាមអូរដែលទើបស្តារហើយដែលមានប្រវែងជិត៣០គីឡូម៉ែត្របានបើកទំលាក់ទៅផ្នែកខាងក្រោមដើម្បីរំដោះទឹកផងដែរ ឥលូវស្ថានភាពទឹកកំពុងហូរស្រកបណ្តើរៗហើយ៕(ដោយ ក្តាមស្រែ )