បន្ទាយមានជ័យ៖ ម្តាយអាយុ១០០ឆ្នាំហើយ ត្រូវកូនប្រុសបង្កើត និងកូនប្រសារស្រីបណ្តេញចេញពីផ្ទះ ក្មួយស្រីអាណិតអាសូរបាននាំយកមកចិញ្ចឹម តែជីវភាពក៏លំបាកលំបិនខ្លាំងណាស់ដែរ។
លោកយាយ ឈឹម បូរ អាយុ១០០ឆ្នាំ ដែលត្រូវកូនបង្កើត និងកូនប្រសារស្រីបណ្តេញចេញពីផ្ទះ ត្រូវបានក្មួយស្រីឈ្មោះផុន ណារី អាយុ៥៧ឆ្នាំ និងប្តីឈ្មោះ ហឹម ផន អាយុ៥៧ឆ្នាំរស់នៅភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតយកមកចិញ្ចឹមព្រោះតែអាណិតអាសូរអ៊ុស្រី ដែលចាស់ជរាទាំងស្មារតីវង្វេងហើយនោះ ។
ឈ្មោះ ផុន ណារី បានប្រាប់ថា៖លោកយាយឈ្មោះ ឈឹម បូរ ដែលមានអាយុ១០០ឆ្នាំនេះជាបងបង្កើតឪពុកគាត់ដែលរស់នៅជាមួយកូនប្រុសឈ្មោះ ហង្ស អាយុ៦០ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ស៊ី ណាត អាយុប្រហែលគ្នា(សតិមិនសូវគ្រប់)រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ឈ្មោះ ផុន ណារី បានបញ្ជាក់ថា៖គាត់បានបែកជាមួយអ៊ុស្រីឈ្មោះ ឈឹម បូរ ជាច្រើនឆ្នាំមកហើយចៃដន្យគាត់ទទួលដំណឹងថា គាត់ត្រូវបានកូនប្រុសបង្កើតនិងកូនប្រសារស្រីបានដេញចេញពីផ្ទះ ហើយគាត់បានទៅឃើញស្តែង នឹងភ្នែកបានទទួលយកមកចិញ្ចឹមមើលថែរហូតពេលនេះជាងកន្លៈខែមកហើយ។
ឈ្មោះ ផុន ណារី បានបញ្ជាក់ថា៖ ទោះបីជាជីវភាពគ្រួសារក្រលំបាកពិតមែន តែមិនបណ្តោយអ៊ុស្រីចាស់ជរាតែម្នាក់របស់គាត់ដើរតែលតោល ដាច់បាយក្រហាយ ទឹកនោះទេ នឹងខំប្រឹងប្រែងមើលថែព្រោះគាត់ពេលនេះអាយុ១០០ឆ្នាំហើយ។ ជាមួយគ្នានោះដែរលោកស្រី ផុន ណារីបានថ្លែងអំណរគុណចំពោះលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យមន្ត្រីក្រោមឱវាទនាំយកអំណោយប្រគល់ជូនមាន អង្ករ ១ការ៉ុងស្មើ៥០គីឡូក្រាម មី ២កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ២យួរ ទឹកបរិសុទ្ធ ២កេស ថវិការ១០ម៉ឺនរៀល និងលោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ជួយអង្ករ ១ការ៉ុងស្មើ២៥គីឡូក្រាម៕(ដោយ ក្តាមស្រែ)