
ភ្នំពេញ: កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចុះប្រតិបត្តិការបង្ក្រាបក្មេងស្ទាវបាន៧៣នាក់ក្នុងនោះមានស្រី២នាក់ ដកហូតបានម៉ូតូ២៨ គ្រឿង និងកាំបិតប័ុងតោ ដាវ ចំពាមកៅស៊ូច្រើនដើម។
ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង ១២និង១០ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវ ១៩៦៦ កែងនិងផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំដោយលោកគួច សុភាព និងលោក វ៉ាន់ សារ៉េត អធិការរងខណ្ឌសែនសុខ ទទួលបន្ទុកផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចុះបង្ក្រាបជាក់ស្ដែងនិងឃាត់ខ្លួនបានក្មេងស្ទាវចំនួន៧៣ នាក់ក្នុងនោះមានស្រី២ នាក់ ដកហូតបានម៉ូតូ២៨ គ្រឿង ខណះក្មេងស្ទាវទាំងអស់នេះកំពុងប្រមូលផ្ដុំគ្នា។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្រោយពីឃាត់ខ្លួនក្មេងស្ទាវទាំងនោះបានភ្លាមសមត្ថកិច្ចក៏បានធ្វើការរុករកនៅក្នុងដីព្រៃឡូត៍មួយកន្លែងក៏បានប្រទះឃើញកាំបិតប័ុងតោ ដាវនិងជំពាមកៅស៊ូជាច្រើនដើមត្រូវបានកម្លាំងសមត្ថកិច្ចដកហូតទុកជាវត្ថុតាង។
សមត្ថកិច្ចបានបន្តទៀតថាមុននឹងចុះបង្ក្រាបក្មេងស្ទាវខាងលើនេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញក្មេងស្ទាវខាងលើកំពុងតែប្រមូលផ្ដុំគ្នាដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនភ្លាមតែម្តង។
បច្ចុប្បន្នក្មេងស្ទាវទាំង៧៣ នាក់ ម៉ូតូ២៨គ្រឿង រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសួរនាំនិងស្រាវជ្រាវបន្ត៕ដោយ កុសល់