
ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀតបើករថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តកូរ៉េបុកបញ្ឆិតផ្នែកខាងមុខបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចមុខផ្សារដីហុយ តាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡង់គ្រីស័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ប-មានជ័យ2D-1818បើកបរដោយបុរសវ័យចំណាស់ម្នាក់រួមដំណើរនឹងស្ត្រីវ័យចំណាស់ម្នាក់ទៀត ចេញពីបុរីឆ្លងមកផ្លូវហាណូយក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើការប្រុងប្រយ័ត្នខណៈនោះក៏មានរថយន្តកូរ៉េមួយគ្រឿងក្បាលពណ៌ខៀវពាក់ស្លាកលេខកំពត3A-0475បើកបរដោយយុវជនម្នាក់រួមដំណើរនិងយុវជនម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយនិងទិសដៅពីត្បូងទៅជើង ជ្រុលបុកបញ្ឆិតខាងមុខផ្នែកខាងស្តាំងវណ្តាលឲ្យរថយន្តឡង់គ្រីស័របែកស្តុបនិងធ្លាក់កាងមុខរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលមួយសន្ទុះធំក្រោយមកភាគីខាងម្ចាស់រថយន្តឡង់គ្រីស័រមិនចង់មានរឿងវែងឆ្ងាយក៏បានយករថយន្តទៅជួសជុលដោយខ្លួនឯងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ កុសល់