
(បាត់ដំបង) កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងជំនាញ រួមនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបទីតាំងទទួលផលចោរកម្ម ០១ករណីលើទីតាំង០២ផ្សេងគ្នា។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២នៅចំណុច០២គោលដៅផ្សេងគ្នាក្នុងក្រុងបាត់ដំបង និងបានធ្វើការបង្ក្រាបករណីទទួលផលចោចោរកម្ម ដោយបានដកហូតម៉ូតូចំនួន ២៦គ្រឿង និងឃាត់ខ្លួនមនុស្ស០២នាក់។
លោកបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះដែរគោលដៅទី១ នៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ហ៊ួរ សុងតុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ខាងលើ និងគោលដៅទី២ នៅចំណុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ សៀង រី ហៅ វី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិប៉ាហ៊ីខាងជេីង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្រោយពីឃាត់ខ្លួនយកមកសាកសួរបច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ដោយ ភ្នំខៀវ