
ខេត្តព្រះសីហនុ៖កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ លោកអភិបាលរងក្រុង លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត កម្លាំងសមត្ថកិច្ច យុវជន(ស.ស.យ.ក)បុគ្គលិកក្រុមហ៊ុនKSWM រួមទាំងម្ចាស់អាជីវកម្ម សរុបទាំងអស់ប្រមាណជាង ៤០០នាក់។បានបើកកម្មវិធីយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត-ឆ្នេរស្អាតដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យសាធារណៈឆ្ពោះទៅការចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាតឆ្នេរស្អាតលើកទី៣ ហើយពិធីនេះបានរៀបចំឡើងស្ថិតនៅឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះលោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា កម្មវិធីនេះបានលើកឡើងថា ការយល់ដឹងនិងកម្មវិធីត្រៀម ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យសាធារណៈ ឆ្ពោះទៅការចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាតឆ្នេរស្អាតលើកទី៣ នៅចុងឆ្នាំ២០២២ ហើយខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១០ដល់២០២៥និងកំណត់យកខេត្តព្រះសីហនុ ជាប៉ូលមួយក្នុងចំណោមប៉ូលអាទិភាពសំខាន់ៗទាំង៤ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិផ្អែកលើសក្កានុពលដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិដ៏ស្រស់ស្អាត ហើយក្នុងនាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរជំនាញពាក់ព័ន្ធ ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរមេត្តាចូលរួមឱ្យបានសកម្ម និងជាប់ជាប្រចាំនៅក្នុងការយកចិត្តទុកដាក់គ្រប់គ្រងព្រមទាំងលើកកម្ពស់សុវត្ថិភាពសណ្ដាប់ធ្នាប់បរិស្ថាន ដោយចូលរួមទាំងគ្នាដើម្បីអនាម័យសាធារណៈនៅក្នុងទីក្រុង ហើយតាមរមណីយដ្ឋានតំបន់ឆ្នេររបស់យើងឱ្យបានល្អប្រសើរជាពិសេសយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងវិធានសុវត្ថិភាពសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានម៉ត់ចត់ជាប្រចាំដើម្បីឈានទៅសម្រេចគោលដៅខាងលើក៏ដូចជានាំមកនូវកិត្យានុភាពកិត្តិយសជួនរដ្ឋបាលខេត្ត/ក្រុង និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង។
ជាមួយគ្នានោះផងដែរឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ កោតសរសើរដល់មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលក្រុង ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធដែលបានចូលរួមក្នុងថ្ងៃនេះដោយបានបង្កើតយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត-ឆ្នេរស្អាតដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យសាធារណៈឆ្ពោះទៅការចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាតឆ្នេរស្អាតលើកទី៣ ហើយជាការពិតណាស់ខេត្តព្រះសីហនុរបស់យើង មានឆ្នេរសមុទ្រប្រវែងជាង ២០គីឡូម៉ែត្រ ដែលមានសោភណ្ឌភាពស្រស់ស្អាត ដោយប៉ុន្មានថ្ងៃកន្លងមកនេះជាថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានអញ្ជើញមកលេងកម្សាន្តយ៉ាងច្រើនកុះករ ដូច្នេះហើយប្រាកដជាមានសំរាមជាច្រើនដែលយើងត្រូវសំអាត និងថែទាំឆ្នេររបស់យើងអោយបានស្អាត ហើយ
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបន្តទៀតថា ខេត្តព្រះសីហនុ យើងទទួលបានបរិស្ថានល្អស្អាតមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើន ហើយយើងក៏បានយល់ពីស្ថានភាពស្រស់ស្អាតក្រោយការរៀបចំរបស់យើងទាំងអស់គ្នាទៅជាបេក្ខភាពប្រឡងប្រ ណាំងទីក្រុងស្អាត នៃក្រុងព្រះសីហនុ នឹងទទួលបានចំណាត់ថ្នាក់បន្តបន្ទាប់ ដោយផ្តើមចេញពីភាពស្អាតជាមោទនភាពផ្តល់នូវភាពទាក់ទាញកាន់តែច្រើនឡើងថែមទៀតដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសមកលេងកម្សាន្តសប្បាយនៅក្នុងខេត្តព្រះសីហនុ
ជាឱកាសនៃការជម្រុញការគាំទ្រដល់វិស័យទេសចរណ៍ ជម្រុញកំណើសេដ្ឋកិច្ច និងមានឱកាសឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូល រួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បានល្អប្រសើរ ហើយចំណុចនេះមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា ដែលយើងបានជ្រើសរើសយកទីតាំងនេះបើកយុទ្ធនាការ ដើម្បីបញ្ចប់នូវសំណល់ដែលនៅសេសសល់ពីភ្ញៀវទេសចរមកច្រើនកុះករកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ ធ្វើឱ្យទីក្រុងរបស់យើង
មានភាពស្អាតជាប្រចាំ ជាមួយគ្នានោះផងដែរឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវវ័យសូមឱ្យចូលរួមថែរក្សាសម្បត្តិសាធារណ:នៅតាមតំបន់ឆ្នេរ និងក្នុងខេត្តរបស់យើងឱ្យបានល្អ ព្រោះវាជាសម្បត្តិសាធារណ:របស់យើងទាំងអស់គ្នា៕ដោយ វាន់នី