
ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅគៀររថយន្តកុងតឺន័រមួយគ្រឿងបណ្ដាលឲ្យរេចង្កូតទៅបុករះម៉ូតូមួយគ្រឿងនឹងបង្គោលភ្លើងថ្មមួយដើមបាក់ជាពីកំណាត់ បណ្ដាលឲ្យមានអ្នករបួសធ្ងន់ស្រាលចំនួន៣ នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០២២ នៅចំណុចមុខធនាគារABA ជាប់នឹងបុរីពិភពថ្មី តាមបណ្តោយផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AG-9574ធ្វើដំណើរតាមបណ្តោយផ្លូវវេ៉ងស្រេង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានគៀរជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរស្របគ្មាបណ្ដាលឲ្យរថយន្តរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IY-2580ជិះដោយបុរសម្នាក់ស្របទិសដៅគ្នា បណ្ដាលឱ្យដួលអូសទៅនឹងថ្នល់រងរបួសយ៉ាងដំណំ ឯរថយន្តបង្កបានបន្តទៅបុកបង្គោលភ្លើងថ្មមួយដើមបាក់ជាពីរកំណាត់បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ចំណែកអ្នករួមដំណើររងរបួសស្រាល។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងត្រូវសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់