ទំព័រដើម ទំព័រដើម រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ លើកទិសដៅការងារ ២០២២

រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ លើកទិសដៅការងារ ២០២២

- ពាណិជ្ជកម្ម -

ប៉ៃលិន ៖ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារ ២០២២ របស់រដ្ឋបាលខេត្ត ប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នាពេលនេះជាការឆ្លុះបញ្ចាំងអោយឃើញពីស្នាដៃ លទ្ធផលការងារគ្រប់គ្រងតាមបណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

អង្គសន្និបាតនេះដែរ នឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គ ពាក់ព័ន្ធ រដ្ឋបាលខេត្តដោយផ្តោតលើវិធានការទប់ស្កាត់បទល្មើសនានា និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាល នៅតាមថ្នាក់ឃុំសង្កាត់។

លោកជំទាវ បន្តថា ដោយឡែកការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមានកិច្ចសហការ ពីរមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ធបាលក្រុង-ស្រុក បានខិតខំប្រឹងប្រែងសហការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងខេត្តប៉ៃលិន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ដើម្បីឆ្លើយតបនឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ក្នុងនោះមានកម្មវិធីជំនួយសង្គម ដើម្បីជួយដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះ ពាល់ដោយជំងឺកូវីដ-១៩ មានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩, ការបើកផ្ដល់សាច់ប្រាក់កម្មវិធី ជំនួយសង្គមក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារ ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព គ្រួសារឆ្លងជំងឺកូវីដ~១៩ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១។

លោកជំទាវ អភិបាលខេត្ត ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់អោយបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលប៉ៃលិន សម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមអោយសមាជិក សមាជិការក្នុងអង្គសន្និបាតទាំងមូល ប្រកាន់អោយបានខ្ជាប់ខ្ជួននូវវិធាន “៣ការពារ ៣កុំ” ពិសេសការពាក់ម៉ាសអោយបានជាប់ជាប្រចាំ រក្សាគម្លាត ការសម្អាតដៃដោយសាប៊ូ-អាកុលអោយបានញឹកញាប់ ។ ករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាសង្ស័យណាមួយពាក់ព័ន្ធជំងឺកូវីដ-១៩ សូមប្រញាប់ ទាក់ទងជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនេះ ដើម្បីត្រួតពិនិត្យសុខភាព ស្វែងរកជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន៕​ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម