More

    ព្រៃកោងកាងរបស់រដ្ឋជាច្រើនហិចតា ក្នុងឃុំទួលគគីរ ត្រូវបានវិនាសហិនហោចជាបន្តបន្ទាប់ ខណៈអាជ្ញាធរហាក់ពុំមានចំណាត់ការក្នុងការទប់ស្កាត់

    spot_img

     

    កោះកុង ÷ ជម្រកជីវៈចម្រុះជាច្រើនហិចតា នៅក្នុងភូមិកោះចាក ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ត្រូវបានរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ជនខិលខួច ខណៈអាជ្ញាធរមូលដ្ឋាននៅពុំទាន់មានចំណាត់ការជាក់លាក់ណាមួយនៅឡើយ ។

    បើតាមការលើកឡើងពីពលរដ្ឋមួយចំនួនដែលប្រកបរបរនេសាទលក្ខណៈគ្រួសារនៅចំណុចខាងលើ បានថ្លែងបញ្ជាក់ថា ពួកគាត់ពិតជាមានការសោកស្តាយជាខ្លាំង នៅពេលបានឃើញទង្វើខិលខួចក្នុងការទន្ទ្រានព្រៃកោងកាងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅ និងអាស្រ័យផល តែពួកលោកមិនអាចធ្វើអ្វីបាន ដោយសារតែអ្នកដែលហ៊ានទន្រ្ទានសម្បត្តិសាធារណៈរបស់រដ្ឋ ភាគច្រើនមិនមែនជាតូចតាចនោះទេ ជាក់ស្តែងទីតាំងដែលបានទន្ទ្រានខាងលើ គឺគេបានធ្វើសកម្មភាពរាប់ខែមកម្លេះ មិនមែនត្រឹមតែមួយឬពីរថ្ងៃអាចធ្វើបាននោះទេ ប៉ុន្តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ហាក់ពុំអើពើទប់ស្កាល់នូវរាល់សកម្មភាពល្មើសនោះឡើយ បើចំពោះពលរដ្ឋវិញម្លេះដេកគុកបាត់ទៅហើយ ។

    ប្រភពដដែលបន្តថា បើតាមដែលពួកគាត់បានដឹងតគ្នាៗមកថា ទីតាំងព្រៃកោងកាង ដែលបានទន្ទ្រានខាងលើ ជារបស់មេភូមិ ឈ្មោះ សឿន ដាវី ដែលកន្លងមកលោកស្រីមេភូមិ បំរុងធ្វើការលក់ដូរទៅអោយគេហើយ តែដោយសារដីនេះជាដីព្រៃកោងកាងទើបពុំមានអ្នកណាហ៊ានទិញ ស្រាប់តែមួយរយៈក្រោយមកមិនដឹងយ៉ាងម៉េចបានជាព្រៃនេះត្រូវបានគេកាប់បំផ្លាញចោលអស់បែបនេះ ។

    ចំពោះករណីនេះ លោកស្រី សឿន ដាវី មេភូមិកោះចាក បានធ្វើការបដិ សេធ ដោយលើកឡើងថា ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថាលោកស្រីមានដីនៅទីតាំងខាងលើនេះ គឺលោកស្រីសុំធ្វើ ការបដិសេធទាំងស្រុង ដោយលោកស្រីពុំមានដីនៅចំណុចនោះទេ ហើយការកាប់ទន្ទ្រានខាងលើនេះ លោកស្រីបានស្គាល់អត្តសញ្ញាណអស់ហើយ ហើយឈ្មោះខាងលើលោកស្រីក៏បានបញ្ជូនទៅឱ្យលោកស្រីមេឃុំទួលគគីរ ដោះស្រាយហើយដែរ ។

    តែទោះជាយ៉ាងណា ពលរដ្ឋនៅក្នុងឃុំទួលគគីរ បានលើក ឡើងថា ដីព្រៃកោងកាងដ៏ស្រស់ដែលមិនគួរអោយបាត់បង់នោះ ក្នុងរយៈពេលដ៏ខ្លីនោះ ក៏ត្រូវបានកាប់បំផ្លាញខ្ទេចខ្ទី សកម្មភាពកាប់រុករានទន្ទ្រានយកដីព្រៃលិច ទឹកព្រៃកោងកាងរបស់រដ្ឋខាង លើនេះ ត្រូវបានលួចធ្វើសកម្ម ភាពជាបន្តបន្ទាប់ រយ:ពេលជាច្រើនថ្ងៃមកហើយ ពីសំណាក់បុគ្គលខិលខូច ដោយមិនមាន ការចុះហាមឃាត់ និងទប់ស្កាត់ពីសំណាក់អាជ្ញាធរ ឬជំនាញពាក់ព័ន្ធនោះឡើយ ។

    ចំពោះបញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាបញ្ជូនមន្ត្រីស្អាតស្អំចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការទប់ស្កាត់អោយបានទាន់ពេលវេលា ដើម្បីកុំអោយបុគ្គលខិលខូចធ្វើសកម្មភាពតាមអំពើចិត្ត ហើយបែរជាត្រូវរួចខ្លួននៅក្រៅសំណាញ់ច្បាប់បែបនេះ ។

    ទាក់ទិនរឿងរ៉ាវការកាប់រុករានទន្ទ្រានព្រៃកងកាងខាងលើនេះ
    លោកស្រី គឹម សុខេម មេឃុំទួលគគីរបានឲ្យដឹងថា ចំពោះបុគ្គល ដែលកាប់ព្រៃកោងកាងខាងលើ លោកស្រីបានអញ្ជើញពួកគាត់មកធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការកាប់ទន្ទ្រានព្រៃកោងកាងរួចហើយ ហើយចំពោះទីតាំងដែលពួកគាត់កាត់នោះ លោកស្រីក៏មិនច្បាស់ដែរ ថាតើដីនោះនៅក្នុងតំបន់កាត់ឆ្វៀលឬមួយនៅក្នុងការគ្រប់គ្រងរបស់បរិស្ថាននោះទេ តែបើចង់ដឹងច្បាស់សួរទៅមន្ទីរបរិស្ថានទើបដឹងច្បាស់ ។

    ជុំវិញបញ្ហាចោទប្រកាន់ខាងលើ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបញ្ជាក់អោយដឹងថា ដីព្រៃលិចទឹកព្រៃកោង កាង ដែលកាប់នៅចំណុចកោះចាក គឺមិនដឹងថា ដីនៅក្នុងតំបន់កាត់ឆ្វៀល ក្នុងអនុក្រឹត្យលេខ ៣០ ឬមួយយ៉ាងណានោះទេ ចាំលោកឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមើលសិន តែសុំរយៈពេលបន្តិច ព្រោះថាមន្ត្រីរបស់លោកជាប់ចត្តាឡីស័កអស់ហើយ ។

    ដោយឡែក លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា អ្នកសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងដើម្បីសុំបំភ្លឺជុំវិញការកាប់ទន្ទ្រានព្រៃកោងកាងខាងលើ តែលោកមិនទាន់បានបកស្រាយផងក៏បិទទូរស័ព្ទតែម្តង ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img