កែប៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ត្រូវបានស្ថាប័ន មន្ទីររ៉ែ និងថាមពល រិះគន់រឿងធ្វើឯកសារយឺតយ៉ាវ ដោយចុះហត្ថលេខាហើយ មិនប្រគល់ឲ្យម្ចាស់ដើមវិញ ធ្វើឲ្យមានការរាំងស្ទះកិច្ចការរដ្ឋមួយចំនួន។
យោងតាមការឲ្យដឹងពីលោក យស មុន្នី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប បានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ស្ថាប័នរបស់លោក បានជួបរឿងស្ទះឯកសារជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះប្រហែលជា២ដង។ លោកបានបញ្ជាក់ថា ស្ថាប័នរបស់លោក បានដាក់ឯកសារចូល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ហើយប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខា នៅថ្ងៃទី១១ ខែមិថុនា ដូចគ្នានេះ ក៏ប៉ុន្តែឯកសារនោះ ក្រោយស៊ីញ៉េហើយ គឺទុកចោល មិនហៅគេយក ឬឲ្យដំណឹងមកកាន់មន្ទីររបស់លោកឡើយ។ ទោះបីលោកចាត់មន្ត្រី ឲ្យទៅតាមដានសួរនាំរាល់សប្តាហ៍ នៅតែគ្មានដំណឹង រហូតដល់ថ្ងៃទី២៤ ខែកក្កដា ទើបគេហៅទៅយក ដែលជាហេតុធ្វើឲ្យ ឯកសារដែលលោកស្នើរសុំនោះ មានការយឺតយ៉ាវ រាំងស្ទះការងាររដ្ឋមួយចំនួន ដូចជាការផ្គត់ផ្គង់ចំណាយផ្សេងៗ លើបេសកកម្ម។ លោក យស មុន្នី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប បន្តនិយាយថា រាល់លិខិតស្នើរសុំ ដែលចូលមន្ទីរសេដ្ឋកិច្ចនេះ គួរណាស់តែផ្តល់ដំណឹងមកកាន់ អ្នកស្នើរសុំវិញ ឬមួយបញ្ជាក់ពីបញ្ហា បើសិនលិខិតទាំងនោះមានការខ្វះខាត មិនគួរណាស៊ីញ៉េហើយទុក មិនប្រាប់បែបនេះទេ ព្រោះអង្គភាពទាំងពីរសុទ្ធតែ ជាស្ថាប័នរដ្ឋ ត្រូវចេះជូនដំណឹងឲ្យគ្នាទៅវិញទៅមក។ ប្រធានមន្ទីររ៉ែ និងថាមពល បានបញ្ជាក់ថា លិខិតដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុហៅទៅយកនោះ មន្ទីរលោកមិនហ៊ានទទួលឡើយ ព្រោះវាយឺតខ្លាំងពេក ខ្លាចបញ្ជូនទៅលើត្រូវបានគេបន្ទោស ដូច្នេះលោកសូមឲ្យធ្វើកំណត់ហេតុព្រមគ្នាមួយ ដោយបញ្ជាក់ថា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់លិខិតស្នើរសុំនោះ នៅថ្ងៃទី២៤ ខែកក្កដា ក៏ប៉ុន្តែសំណើររបស់លោក ប្រធានមន្ទីរសេដ្ឋកិច្ចមិនព្រមឡើយ។
ពាក់ព័ន្ធបញ្ហានេះលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ឯកសារដែលមន្ទីររ៉ែ បានដាក់មកនៅថ្ងៃទី៥ ខែមិថុនា នោះ លោកបានស៊ីញ៉េនៅថ្ងៃទី១១ ខែមិថុនានោះ រួចហើយដែរ តែគ្មានអ្នកមកយក មិនមែនលោកមិនចង់បង្កកទុកនោះទេ។ លោកចាត់ទុកថា មន្ទីររ៉ែ និងថាមពល សន្សំរឿង ខុសពីមន្ទីរដ៏ទៃ។ លោក កែវ ហុង បន្តថាលោកមិនទាន់បានចុះតាមដាន ថាមន្ទីររ៉ែស្នើរសុំ យកថវិការទាំងនោះ ទៅធ្វើអ្វីខ្លះផង ព្រោះគ្រាន់តែប្រេងសម្រាប់មន្ត្រីក្នុង១ឆ្នាំ មន្ទីររ៉ែ នេះ ចំណាយអស់រហូតដល់១៣០០០លីត្រឯនោះ។ លោកនិយាយថា បើលោកមិនបានស៊ីញ៉េទើបជាកំហុសរបស់លោក ចុះហេតុអ្វីលោកស៊ីញ៉េហើយ គេមកឃើញឯកសារហើយ ម្តេចមិនព្រមទទួលបែបនេះ៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច