បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរិះគន់ថា ទីតាំងស្តង់ត្រីពីរកន្លែង នៅជាប់របងវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កក្លិនឆ្អេះឆ្អាប កកស្ទះចរាចរណ៍ ធ្វើឲ្យពិបាកក្នុងការរស់នៅប្រចាំថ្ងៃ អាជ្ញាធរមិនទាន់ដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ។ ពលរដ្ឋបានលើកឡើងទៀតថា ពលរដ្ឋបានផ្តិតមេដៃស្នើ សុំឲ្យអាជ្ញាធរសង្កាត់ប៉ោយប៉ែត ជួយរកដំណោះស្រាយឲ្យពួកគាត់ តែជាច្រើនខែមិនទាន់ឃើញដោះស្រាយ។
ដោយឡែកទីតាំងថ្មីមានមួយថែមទៀត នៅចំកណ្តាលក្រុងដូចគ្នា ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ក៏រងការរិះគន់ពីប្រជាពលរដ្ឋផងដែរ ដែលអាជ្ញាធរ និងមន្ត្រីជំនាញ ក៏ទប់ស្កាត់ ដើម្បីកុំឲ្យប៉ះពាល់អនាម័យបរិស្ថាន និងប៉ះពាល់ដល់ការរស់ នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជុំវិញនោះផងដែរ។
លោក ពិន សុខា មេការស្តង់ត្រីនៅទីតាំងជាប់របងវត្តស្រះត្រាច ភូមិក្បាលស្ពាន១បានឲ្យដឹងថា លោកទទួលស្គាល់ថា ពិតជាប៉ះពាល់ដល់ប្រជាពលរដ្ឋ តែក្រោយពីធ្វើត្រីរួច នៅពេលល្ងាចលោកបានបាញ់លាងសំអាតជាប្រចាំ។ លោកបញ្ជាក់ថា ស្តង់នេះ គ្រាន់តែជាទីតាំងបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយសារជំងឺកូវីតថៃបានបិទ មិនឲ្យកម្មករ ចូលទៅធ្វើនៅស្តង់ត្រីក្នុងផ្សាររ៉ុងគ្លឿប្រទេសថៃ ដូច្នេះដើម្បីជាការជួយដោះស្រាយ ជីវភាពកម្មករជាង៦០គ្រួសារ ដែលជាកម្មករចាស់ធ្លាប់ធ្វើនៅទឹកដីថៃ ទើបលោកនាំមកធ្វើនៅទីតាំងនេះ ដើម្បីយកត្រីងៀតនាំចេញទៅប្រទេសថៃវិញ។
លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ចំពោះទីតាំងខាងលើ អាជ្ញាធរពិតជាបានយកចិត្តទុកដាក់ តែដោយសារមួយរយៈ នៅខាងអាជ្ញាធរខិតខំដោះស្រាយជីវភាពខ្វះខាត ដោយសារជំងឺកូវីតផង ណាមួយថ្មីៗនេះ ក៏ចេញជំងឺឆ្លងក្នុងមូលដ្ឋានផ្សេងៗទៀត តែលោកបញ្ជាក់ថា និងចុះទៅដល់ទីតាំង ដើម្បីពិនិត្យមើលពីផលប៉ះពាល់ និងដោះស្រាយជូនពលរដ្ឋ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ