ប៉ៃលិន៖ បុរសម្នាក់ ជាម្ចាស់គោបា មានការសោកស្តាយយ៉ាងខ្លាំងពន់ពេក ខណៈខំប្រឹងចិញ្ចឹមគោចំនួន៣ក្បាល ដោយគោឈ្មោល២ក្បាល គោមេ១ក្បាល ក្នុងនោះមានគោឈ្មោល១ក្បាល ជាគោបា ទិកសម្រាប់ដាក់ពាក់ឱ្យគោអ្នកភូមិ ហើយឈ្មួញក៍ធ្លាប់សួរចរចាហ៊ានទិញក្នុងតម្លៃជាង ៣០០០ដុល្លារដែរ។ តែម្ចាស់មិនទាន់ចង់លក់ ព្រោះគោបា១ក្បាលនេះ ធំធាត់ថ្លោសល្អ ហើយស្អាតគួរឱ្យស្រឡាញ់ លុះយកទៅចងឱ្យស៊ីស្មៅក្បែរដើមឈើធំ២ដើម ខាងក្រោយផ្ទះ ស្រាប់តែមានភ្លៀង១មេធំ លាយឡំដោយផ្គររន្ទះ បណ្តាលឱ្យបាញ់សត្វគោ របស់ខ្លួនងាប់តែម្តង។
ហេតុការណ៍ភ្លៀងបង្កជារន្ទះបាញ់ គោបាស្លាប់១ក្បាលនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៍មាន បានឱ្យដឹងថា ម្ចាស់គោ មានឈ្មោះ ភី អាយុ41ឆ្នាំ ប្រពន្ធ ឈ្មោះ ឆ វៀត អាយុ38ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ប្រភពព័ត៍មានពីម្ចាស់គោ ឈ្មោះ ភី បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ លោកបានដឹកសត្វគោទាំងបីក្បាលចេញពីផ្ទះ ទៅចងឱ្យស៊ីស្មៅនៅខាងក្រោយផ្ទះក្បែរដើមក្រសាំង និងដើមអំពិលបារាំង លុះដល់ពេលរសៀល ស្រាប់តែមេឃខ្មៅអួរអាប់ បង្កទៅជាភ្លៀងលាយដោយផ្លេកបន្ទោរ ក៍បង្កជារន្ទះបាញ់់ដើមឈើ បណ្តាលឱ្យបាក់មែក ហើយក៍ប៉ះចំគោបាគាត់១ក្បាលស្លាប់នៅនឹងកន្លែងតែម្តង។
ប្រភពបន្តទៀតថា ក្រោយរន្ទះបាញ់ស្លាប់ គោបារបស់ខ្លួន ឈ្មួញហ៊ានទិញត្រឹមតែតម្លៃ១០០០ដុល្លារ ប៉ុណ្ណោះ ដោយឈ្មួញមកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទិញយកទៅកាប់សាច់លក់ ឱ្យម៉ូយនៅទីនោះភ្លាមៗ ដោយស្ទូចដឹកតាមរថយន្ត៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ