More

    សម្ពោធអគារ មត្តេយ្យសិក្សា១ខ្នង នៅតំបន់ដាច់ស្រយាល ជាអំណោយ របស់សប្បុរសជន ជូនប្រជាពលរដ្ឋក្នុងសហគមន៍

    spot_img

     

    ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញសាលាបឋមសិក្សាតំបន់ដាច់ស្រយាលមួយកន្លែងមានការខ្វះខាតបន្ទប់សិក្សា និងសម្ភារ:ប្រើប្រាស់មួយចំនួន ទើបថ្នាក់ដឹកនាំខេត្តប៉ៃលិន បានសហការជាមួយនឹងក្រុមហ៊ុនដីឡូត៍ ហេង សម្បត្តិ អចលនទ្រព្យជោគជ័យ បានស្ថាបនាសាលាមតេយ្យ ក្នុងសាលាបឋមសិក្សាមួយខ្នង និងផ្តល់ជូននូវអណ្តូងស្នប់ប្រើម៉ូទ័របូមទឹក នៅកន្លែងលាងដៃ រួមនឹងការតភ្ជាប់បណ្តាញខ្សែភ្លើងអគ្គិសនី សរុបជាទឹកប្រាក់អស់ជាង៥ពាន់ដូល្លារ។

    បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជានិច្ចកាលតែងយកចិត្តទុកដាក់លើវិស័យអប់រំ និងមានគោលបំណងចង់ឲ្យកូនកសិករ នៅតំបន់ជនបទរៀនឱ្យបានសូត្រគ្រប់ៗគ្នា ទើបថ្នាក់ដឹកនាំខេត្ត បានសហការជាមួយវិស័យឯកជន និងសប្បុរសជន ដើម្បីអភិវឌ្ឍតាមជនបទដាច់ស្រយាលតំបន់ព្រំដែននេះ តែម្តង។

    សាលារៀនសម្ពោធដាក់ឲ្យប្រើប្រាស់នេះ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាអំណោយលោក ហេង សម្បត្តិ ម្ចាស់ក្រុមហ៊ុន«ហេងសម្បត្តិអចលនទ្រព្យជោគជ័យ» ដែលកន្លងមកក្រុមហ៊ុននេះតែងចុះជួយដល់ពលរដ្ឋក្រីក្រជួបប្រទះទុក្ខលំបាក ។ ជាមួយគ្នានេះដែរ លោកក៍បានណែនាំដល់លោកគ្រូអ្នកគ្រូ ប្រុងប្រយ័ត្នពីជម្ងឺកូវីដ-១៩ ព្រោះមិនទាន់ទៅណាឆ្ងាយនៅឡើយ ត្រូវធ្វើតាមវិធានការរបស់រាជរដ្ឋាភិបាល (៣ការពារ ៣កុំ) ទើបយើងជៀសផុតពីជម្ងឺនេះ។ លោកប្រធានមន្ទីរ ក៍បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ នាយកសាលា ត្រូវជួយថែទាំសាលារៀន ដែលទើបកសាងថ្មី ជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ត្រូវនាំគ្នាបោសសម្អាតសាលារៀនឱ្យមានសោភ័ណភាពល្អ។

    លោក ហេង សម្បត្តិ ម្ចាស់ក្រុមហ៊ុនហេងសម្បត្តិអចលនទ្រព្យជោគជ័យ បានឱ្យដឹងទាំងទឹកភ្នែកលេងលោងថា ៖ លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការជួយឧបត្ថម្ភសាលារៀន១ខ្នង ដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនេះ ព្រោះលោកក៏ចង់រំលឹកនូវអនុស្សាវរីយ៍កាលពីនៅក្មេង គឺលោ កធ្លាប់ជួបនឹងការលំបាកបែបនេះ ដោយសាលារៀននៅឆ្ងាយ អត់មានថវិកាគ្រប់គ្រាន់ក្នុងការចូលរៀននឹងគេ ព្រោះឪពុកម្តាយក្រីក្រ ពេលទៅរៀនម្តងៗ គ្មានលុយកាក់សម្រាប់ទិញអាហារហូបចុកនឹងគេនោះទេ គឺហូបតែបាយកកប៉ុណ្ណោះ លុះលោកបានចេញទៅស្រុកក្រៅ មានថវិកាមួយចំនួនយកមកបើក ក្រុមហ៊ុន បានលុយក៏សម្រេចចិត្តសាងសង់សាលារៀនទុកឱ្យក្មេងជំនាន់ក្រោយតែម្តង។

    សូមបញ្ជាក់ថា ៖ សាលាបឋមសិក្សាទឹកផុស បានសាងសង់កាលពីឆ្នាំ២០០៨ មានចំនួន១ខ្នង ០៤បន្ទប់ និងមានបង្គន់អនាម័យ១ខ្នង ០៤បន្ទប់ ដែលជាមូលនិធិអង្គការ សន្តិស្ម័គ្រចិត្ត។
    រហូតដល់ឆ្នាំ២០១៩-២០២០ សិស្សសរុបចំនួន១៦៧នាក់ ស្រី៧៥នាក់ ក្នុងនោះសិស្សបឋមចំនួន១៤៧នាក់ ស្រី៦៦នាក់ សិស្សមត្តេយ្យសរុប២០នាក់ ស្រី០៩នាក់ មានបុគ្គលិកសរុប០៧នាក់ ស្រី០៥នាក់ ក្នុងនោះមានគ្រូកិច្ចសន្យាសរុប០៤នាក់ ស្រី០២នាក់៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img