
ភ្នំពេញ ៖ លោក សេង ដារ៉ូ ជាប្រធានផ្នែកទីផ្សារបម្រេីការងារប្រមូលអតិថិជនឲ្យក្រុមហ៊ុនគម្រោងដីឡូតិ៍ ម៉ៅ ស្រ៊ី ដែលមានអាសយដ្ឋាននៅផ្សារឧត្តុង ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានប្រតិកម្មយ៉ាងខ្លាំង និងចេញមុខបកស្រាយប្រាប់មហាជន ខណៈលោក ម៉ៅ ស្រ៊ី ប្រធានក្រុមហ៊ុន ដីឡូតិ៍ ប្តឹងចោទប្រកាន់គាត់ជាច្រេីនករណី ទាំងសាច់រឿងដែលបានចោទប្រកាន់នេះជារឿងមិនពិត គ្មានភ័ស្តុតាងបញ្ជាក់ច្បាស់ ហេីយក៏យកឡេះដេញលោកចេញពីក្រុមហ៊ុនតែម្តង ស្របពេលដែលប្រាក់ថ្លៃធ្វេីទីផ្សារ ឬហៅថា កុំមីស្យុង មិនទាន់ទូទាត់ជូនលោកឲ្យបានត្រឹមត្រូវ។
លោក សេង ដារ៉ូ បានស្នេីសុំបំភ្លឺជូនមហាជនថា រូបលោក កំពុងមានទំនាស់ជាមួយក្រុមហ៊ុន ដីឡូតិ៍ ម៉ៅ ស្រ៊ី ដោយសារតែម្ចាស់ក្រុមហ៊ុននេះ គឺ មានលោក ម៉ៅ ស្រ៊ី ជានាយក បានប្តឹងចោទប្រកាន់រូបលោកជាច្រេីនករណី ដូចជាចោទថា រូបលោកលួចរថយន្តក្រុមហ៊ុន លួចលុយក្រុមហ៊ុន និងបរិហាកេរ្តិ៍ក្រុមហ៊ុនជាដេីម ទាំងការចោទប្រកាន់នេះមិនពិត ហេីយក៏ដេញលោកចេញពីក្រុមហ៊ុន។
លោក សេង ដារ៉ូ បានបញ្ជាក់ចំពោះមុខអ្នកសារព័ត៌មានថា លោកមានភ័ស្តុតាងគ្រប់គ្រាន់ដេីម្បីបញ្ជាក់ថា លោក ម៉ៅ ស្រ៊ី កំពុងចោទប្រកាន់លោកទាំងខុសការពិត ដោយសារតែទី១ រថយន្តដែលលោកបានជិះសព្វថ្ងៃ គឺបានមកពីការផ្តល់ឲ្យរបស់ម្ចាស់ក្រុមហ៊ុនគឺលោក ម៉ៅ ស្រ៊ី ដែលគ្រានោះគឺជាការលេីកទឹកចិត្តជូនលោក ដែលរកបានអតិថិជនមកជួយទិញដីឡូតិ៍ច្រេីន ដោយមានទាំងភ័ស្តុតាងបញ្ជាក់ និងសាក្សីដឹងឮជាច្រេីននាក់ពេលប្រគល់ គ្រាន់តែ ពេលនោះក្រុមហ៊ុនមិនបានផ្តល់ឯកសារឲ្យលោកគ្រប់គ្រាន់ដូចជាកាតគ្រី និងឆៀកជាដេីម ដោយសាររថយន្តមិនទាន់មានស្លាកលេខ តែយ៉ាងណាក៏ដោយលោកបានប្រេីប្រាស់រថយន្តនោះដេីម្បីបំពេញការងាររកអតិថជនឲ្យក្រុមហ៊ុន ជាហូរហែ ដោយមិនមានបញ្ហាអ្វីជាមួយនឹងថៅកែឡេីយ ទេីបតែមួយរយៈពេលក្រោយនេះ ក៏មានទំនាស់ផ្ទៃក្នុងជាមួយលោកបន្តិចបន្តួច បែរជាចោទលោកថាលួចរថយន្តក្រុមហ៊ុនតែម្តង។ ករណីទី២ លោក សេង ដារ៉ូ បានទទួល ស្គាល់ថា លោកពិតជាបានទទួលប្រាក់ចំនួន១៥១៦$ ពីអតិថិជនដោយមិនមានការអនុញ្ញាតិពីម្ចាស់ក្រុមហ៊ុន មែន ដោយសារលោកមានភាពចាំបាច់ដេីម្បីប្រេីប្រាស់ថវិការនេះសម្រាប់ទូទាត់ថ្លៃចំណាយផ្សេងៗ និងលេីអ្នកគក់ជេផង តែពេលលោកដកប្រាក់នេះ លោកក៏បានផ្តល់ដំណឹងឲ្យផ្នែកគណនីដឹងផងដែរ ហេីយលុយនេះក៏ជាលុយថ្លៃកុំមីស្យុងដែលលោករកបានអតិថិជន ដោយយោងលេីលក្ខខណ្ឌតិកៈក្រុមហ៊ុន ក្នុងនាមលោកជាប្រធា នផ្នែកទីផ្សារ លោកមានសិទ្ធិដកយកប្រាក់កុំមីស្យុងនេះបានចំនួន៤០% នៃតម្លៃដែលអតិថិជនបង់ប្រាក់ ម្យ៉ាងទៀត ប្រាក់ទាំងនោះ មិនទាន់គ្រប់សម្រាប់ការងារដែលលោកបាននាំអតិថិជនជូនក្រុមហ៊ុននៅឡេីយទេ ដូច្នេះទេីបលោកដកយកប្រាក់នោះដេីម្បីប្រេីប្រាស់សិន បេីមានអ្វីខុសឆ្គងនឹងទូទាត់ជាក់លាក់តាមក្រោយក៏មិនទាន់ខុសដែរ តែដោយសារមូលហេតុនេះហេីយ ទេីបធ្វេីឲ្យប្រធាបក្រុមហ៊ុនលោក ម៉ៅ ស្រ៊ី យកឡេះដេីម្បីបណ្តេញរូបលោកចេញ និងប្តឹងចោទប្រកាន់លោកគ្រប់បែបយ៉ាងតែម្តង។
លោក សេង ដារ៉ូ បានបញ្ជាក់ថា ចំពោះករណីទី៣ ថាលោក បរិហារកេរ្តិ៍ក្រុមហ៊ុន ក៏មិនពិតដែរ ដោយលោកបានប្រាប់ថា មិនមានរឿងអ្វី ដែលត្រូវបរហាកេរ្តិ៍ក្រុមហ៊ុននោះទេ ព្រោះលោកជាប្រធានទីផ្សារ មានតែលោក ខំដោះស្រាយ សម្របសម្រួល ជាមួយអតិថិជន ពេលដែលអតិថិជន សួរលោក អំពីប្លង់ដីឡូត៍ ដែលជាវជាយូខែមកហើយ មិនទាន់បានប្លង់ អោយពួកគាត់ រឿងដែលមានអតិថិជន ដឹងពីរឿងផ្ទៃក្នុង របស់ក្រុមហ៊ុន គឺមិនមែនលោកជាអ្នកបរិហាកេរ្តិ៍នោះទេ គឺមានអតិថិជនដឹងដោយខ្លួនឯង។
ទោះជាយ៉ាងណាក៏ដោយ លោក សេង ដារ៉ូ បានសុំសំណូមពរ ទៅដល់លោក ម៉ៅ ស្រីុ ដែលជានាយកក្រុមហ៊ុន ដីឡូតិ៍ ឱ្យមកដោះស្រាយជាមួយលោក ដើម្បីទូទាត់គ្នារ តើលោក ម៉ៅ ស្រីុ មានឯកសារអ្វីខ្លះ ដែលចោទប្រកាន់មកលើលោក ថាលោក លួចលុយ លួចរថយន្ត និងបរិហារកេរ្តិ៍ ហើយលោក សេង ដារ៉ូ សូមឱ្យ លោក ម៉ៅ ស្រីុ ដោះស្រាយ រឿងលុយកម្រៃជើងសារ និងដីឡូតិ៍ពីរកន្លែង ដែលលោកបានទិញពីក្រុមហ៊ុន ។
ពាក់ព័ន្ធទៅនឹងរឿងបញ្ហានេះផងដែរ អង្គភាពសារព័ត៌មានយើង ក៏បានទំនាក់ទំនងតាមរយៈទូរសព្ទ ទៅលោក ម៉ៅ ស្រុី ដែលជានាយក ក្រុមហ៊ុនដីឡូត៍ ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធទៅនឹងលោកប្ដឹង ទៅលោក សេង ដារ៉ូ ពីបទលួចលុយ លួចរថយន្ត បទបរហាកេរ្តិ៍ ដោយលោកបានលើកឡើងថា មូលហេតុដែលលោកដាក់ពាក្យបណ្ដឹងនេះ ដោយសារលោក សេងដារ៉ូ ជេរប្រមាថទៅលើលោក និងប្រើពាក្យអសុរោះ មកលើលោក ថែមទាំងលោក សេងដារ៉ូ យកលុយក្រុមហ៊ុន មិនបានប្រាប់លោកមុន ។
លោកបានបន្ថែមទៀតថា ចាប់តាំងពីក្រុមហ៊ុនបញ្ឈប់ លោកសេង ដារ៉ូ ដែលជាប្រធានទីផ្សារលក់គម្រោងដីឡូតិ៍នេះមក គឺតែងតែ ធ្វើព្យុះធ្វើភ្លៀង ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់ លោក រលំ ដូច្នេះហើយបានជាលោក ដាក់ពាក្យប្ដឹងទៅលោក សេង ដារ៉ូ ហើយលោកក៏បានបញ្ជាក់ចុងក្រោយថា ទុកអោយច្បាប់ជាអ្នកដោះស្រាយដើម្បីរកភាពយុត្តិធម៌ជូនលោក៕