More

    ស្ត្រីម្នាក់រៀបរាប់ទាំងបង្ហូរទឹកភ្នែក ខណ:ចាញ់បោកក្រុមឈ្មួញដីធ្លី ដោយប្រើប្តីខ្លួនឱ្យរត់ការដីភ្នំ លុះលក់បានលុយ ភ្លេចសន្យាខណ:ប្តីមានជម្ងឺធ្ងន់ធ្ងរ

    spot_img

    ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២នេះ មានស្រ្តីម្នាក់ បាននិយាយរៀប រាប់ទាំងបង្ហូរទឹកភ្នែកសស្រាក់ គួរឱ្យអាណិតអាសូរ នៅក្នុងផ្ទះ១ខ្នង ដែលសុំគេស្នាក់នៅ ស្ថិតក្នុងភូមិ អូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយអះអាងថា មានក្រុមឈ្មួញដីធ្លី បានលួងលោមប្តីរបស់ខ្លួនឱ្យរៀបចំរត់ការឯកសារដីភ្នំមួយកន្លែង នៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លុះលក់ដីនោះឱ្យឧកញ៉ាម្នាក់នៅភ្នំពេញ បានថវិការាប់លានដុល្លារ បែរជានាំគ្នាគេចខ្លួនអស់ ធ្វើឱ្យគាត់ឈឺចិត្ត រហូតដល់ធ្លាក់ខ្លួនឈឺរីងរៃរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។

    បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ ឃឹម សារ៉ាន់ អាយុ៤៥ឆ្នាំ បានឱ្យដឹងទាំងបង្ហូរទឹកភ្នែកស ស្រាក់ បង្ហាញនូវក្តីឈឺចាប់របស់ខ្លួនថា ៖ ប្តីរបស់គាត់មាន ឈ្មោះ សំ អាន អាយុ៦៥ឆ្នាំ ជាមន្រ្តីរដ្ឋបាលព្រៃឈើប៉ៃលិន ចូលនិវត្តន៍ និងជាមន្ត្រីបរិស្ថាន កិច្ចសន្យា មានកូនចំនួន៣នាក់ (ប្រុស២នាក់ ស្រីម្នាក់) នៅក្នុងបន្ទុក។

    គាត់និយាយរៀបរាប់ទាំងអួលដើមក.និង ហូរទឹកភ្នែករហាមទៀតថា មានឈ្មួញល្បីម្នាក់ ឈ្មោះ ឈីវ វ៉ាន់សេដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន ដោយកាលពីឆ្នាំ២០១៨ ក្រុមឈ្មួញទាំងនេះបាននិយាយលួងលោម ប្រើប្តីរបស់គាត់ឱ្យដឹកនាំគ្រឿងចក្រយកទៅឈូសឆាយដីព្រៃភ្នំមួយកន្លែងនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ និងរត់ឯកសារ ដោយសន្យាថា ពេលទទួលបានជោគជ័យ លក់ដីភ្នំនេះដាច់ បានលុយនឹងប្រគល់ឱ្យ ផ្ទះថ្ម១ល្វែង និងថវិកាចំនួន៣ម៉ឺនដុល្លារ។

    ប៉ុន្តែ ក្រោយពីខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃមិនបានឈប់ឈរ ឆ្លងកាត់ការជេរប្រមាថពីប្រជាពលរដ្ឋ ដែលមានដីជាប់នឹងជើងភ្នំ លុះដោះស្រាយបញ្ហារួចរាល់ ក៏លក់ដីភ្នំនេះ ឱ្យឧកញ៉ាម្នាក់ កាលពីឆ្នាំ២០១៩ បានថវិការាប់លានដុ ល្លារ ស្រាប់តែរហូតមកដល់សព្វថ្ងៃ មិនទទួលបានថវិកាសូម្បីតែ១សេននោះឡើយ ហើយក៏រត់គេចខ្លួនបាត់អស់រលីង។

    គាត់ក៏ទទូចសុំឱ្យឈ្មួញខាងលើ ចេញមុខមកដោះស្រាយ ប្រគល់ថវិកាទាំងប៉ុន្មាន ដែលបានសន្យា ជូនប្តីរបស់គាត់ ដើម្បីព្យាបាលជម្ងឺបន្ត អាចរស់នៅឃើញមុខកូនចៅ ខណ:សព្វថ្ងៃនេះ គ្រួសាររបស់គាត់សុំផ្ទះគេស្នាក់នៅ បើសិនជាគ្មានថវិកាឱ្យគេទេ នឹងត្រូវរើឥវ៉ាន់ចេញនៅថ្ងៃខាងមុខ ខណ:ដែលម្ចាស់គេត្រូវការវិញ។

    គាត់បញ្ជាក់ទៀតថា កាលពីដើមខែធ្នូ ឆ្នាំ២០២១ ពេលប្តីរបស់គាត់និយាយកើត មិនទាន់ធ្លាក់ ខ្លួនឈឺខ្លាំង បានប្រាប់គាត់ជាប្រពន្ធ ឱ្យទៅទាក់ទងបុរសជាឈ្មួញម្នាក់ ឈ្មោះ នាង អាយុ៦០ឆ្នាំ ជាដៃគូរបស់លោក ឈីវ វ៉ាន់សេដ្ឋ រស់នៅក្នុងក្រុងប៉ៃលិន ដើម្បីបានថវិកាមួយចំនួន។

    ក្រោយពេលជួបគាត់ សន្យាថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នឹងប្រគល់ថវិកាមួយចំនួន ដើម្បីយកទៅព្យាបាលជំងឺ ក្រោយពេលលោក ឈីវ វ៉ាន់សេដ្ឋ ត្រឡប់មកពីខេត្តកំពង់ចាមវិញ។ តែចាប់តាំងពីពេលនោះរហូតមកដល់ដើមខែកុម្ភ: ឆ្នាំ២០២២នេះទៅហើយ មិនទាន់ទទួលបានអ្វីទាំងអស់ ពោលគឺសន្យាខ្យល់តែម្តង។

    គាត់ក៏សំណូមពរឱ្យក្រុមឈ្មួញខាងលើ នឹកឃើញសន្យារបស់ខ្លួន ព្រោះគាត់គ្មានអ្វីទីពឹងនោះទេ។
    ចំណែកលោក ឈិន សាវុន អាយុ៥០ឆ្នាំ ជាអ្នករួមចំណែកក្នុងការងារដីធ្លីខាងលើដែរ បានរៀ បរាប់ឱ្យដឹងថា ៖ ពេលលោកជួយសម្រួលឯកសារទទួលបានជោគជ័យក្នុងរឿងដីភ្នំខាងលើ ឈ្មួញ ឈ្មោះ ឈីវ វ៉ាន់សេស្ឋ សន្យាថា ឱ្យរថយន្តម៉ាកតាកូម៉ា១គ្រឿង តម្លៃប្រហែល២ម៉ឺនដុល្លារ។

    តែក្រោយពីលក់ដាច់ បែរជាគ្មានឱ្យអ្វីដល់លោកនោះឡើយ ហើយឈ្មួញខាងលើ ក៏បានសន្យាឱ្យបុរសម្នាក់ ឈ្មោះ សំ អាន ដូចអ្វីដែលប្រពន្ធគាត់បានរៀបរាប់ខាងលើ។ ចំណែកក្រុមរបស់គាត់មួយចំនួន ទទួលបានថវិកាចំនួនពាក់កណ្តាល ខ្លះទៀតបានគ្រប់ចំនួន ដោយឡែកតែគ្នារបស់លោកចំនួន៣នាក់ប៉ុណ្ណោះ អត់បានទទួលថវិកាពីឈ្មួញខាងលើសូម្បីតែ១សេននោះទេ៕ ( ដោយ ភ្នំខៀវ )

    spot_img

    អត្ថបទទាក់ទង

    spot_img