
ភ្នំពេញ: យុវជនម្នាក់រួមដំណើរនិងយុវជន បី នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាក អូឌីមួយគ្រឿងក្នុងល្បឿនបត់ឆ្លងផ្លូវមិនទាន់ជ្រុលបុកខឿនផ្លូវរួចបន្តទៅទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹងបណ្តាលយុវជនម្នាក់រងរបួសដៃម្ខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង ២០ នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២២នៅតាមបណ្ដោយផ្លូវ ១១៣កែងផ្លូវ ៦១៦ ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរនឹងយុវជន បី នាក់ទៀតបើករថយន្តម៉ាកអូឌីមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-7575ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦១៦ ទិដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃមកផ្លូវ ១១៣ ដោយល្បឿនលឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឲ្យទ្រេត ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំនឹងកល់ជាប់ជាមួយបង្គោលភ្លើងទៅមុខលែងរួច។ភ្លាមនោះគេឃើញយុវជនទាំង៤នាក់ចេញពីរថយន្តហើយមានយុវជនម្នាក់បានរងរបួសដៃម្ខាង រួចនាំគ្នាហៅម៉ូតូកង់បីជិះទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរកចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់