More

    រដ្ឋបាលខេត្តបាត់ដំបងព្យាយាម ឆ្លើយដោះបន្ទុកក្រោយពេលអ្នកស្រី សិទ្ធិ ច្រយ ទម្លាយព័ត៌មានរសើប

    spot_img

    បាត់ដំបង៖ បន្ទាប់ពីអ្នកស្រី សិទ្ធិ ច្រយ បានទម្លាយព័ត៌មានរសើប ដែលថាខ្លួនបានរងគ្រោះដោយសារស្នាដៃអាជ្ញាធរ ខេត្តបាត់ដំបង រៀបគម្រោងយកដីរបស់អ្នកស្រីលក់ឲ្យក្រុមហ៊ុន ទាំងមិនបានដោះស្រាយជាមួយអ្នកស្រីឲ្យបានត្រឹមត្រូវ ស្រាប់តែនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលស្រុករតនមណ្ឌល និងរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព្រមគ្នាមួយ ដោយចោទអ្នកស្រី សិទ្ធិ ច្រយ ថានិយាយមិនពិត។

    ខ្លឹមសាររបស់រដ្ឋបាល ខេត្តបាត់ដំបង ដែលយកមកផ្សាយលើគេហទំព័រល្បីៗ បានអះអាងថា រឿងទំនាស់ដីធ្លីរបស់អ្នកស្រី សិទ្ធិ ច្រយ គឺជារឿងវិវាទនៃកិច្ចសន្យាដោយផ្ទាល់មាត់ រវាងគ្រួសារ សិទ្ធិ ច្រយ និង អ៊ូ សំអាន គួរតែដោះស្រាយនៅក្នុងគ្រួសារ ឬជាសមត្ថកិច្ចរបស់តុលាការ។ អាជ្ញាធរមិនមែនរៀបចំដីរបស់អ្នកស្រី យកលក់ឲ្យក្រុមហ៊ុនដូចការលើកឡើងនេះទេ ការទិញដូរ និងការទូទាត់ប្រាក់ គឺជាសិទ្ធិរបស់ពលរដ្ឋ ជាមួយនិងក្រុមហ៊ុន មិនបានជាប់ពាក់ព័ន្ធនឹងអាជ្ញាធរឡើយ។  រដ្ឋបាលខេត្តបាត់ដំបង ថែមទាំងបានបញ្ជាក់ទៀតថា សាច់រឿងនេះក្រុមការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ដែលដឹកនាំដោយឯកឧត្តម សរ សុវណ្ណ បានចុះសិក្សាស្រាវជ្រាវរួចមកហើយ ក្រោយមកក៏សម្រេចតម្កល់រឿងនេះមិនចាត់ការ ដោយសំអាងថាសាច់រឿងនេះ មិនមែនជាសមត្ថកិច្ចរបស់ក្រសួង។

    ក្រោយពេលបានឃើញ សេចក្តីប្រតិកម្មរបស់រដ្ឋបាលស្រុករតនមណ្ឌល និងរដ្ឋបាលខេត្តបាត់ដំបងនេះ អ្នកស្រី សិទ្ធិ ច្រយ បានសើចចំអកថា អាជ្ញាធរខេត្តប្រើតែក្បួនដដែលៗ ដើម្បីបំភ័នភ្នែកមហាជន តែយ៉ាងណាក៏ដោយ នៅតែមិនអាចបំភ័នភ្នែកអ្នកស្រី ក៏ដូចជាអ្នកដែលដឹងសាច់រឿងបានឡើយ។ អ្នកស្រីបានសង្កត់ធ្ងន់ថា បើអាជ្ញាធរពិតជាល្អស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធ នឹងការរៀបចំដីពលរដ្ឋ លក់ឲ្យក្រុមហ៊ុនដើម្បីទទួលបានផលប្រយោជន៍ ពីលើពលរដ្ឋទេនោះ សូមឲ្យអាជ្ញាធរស្រុកនិងខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធនៃការដោះស្រាយលើកមុននោះ បង្ហាញនូវឯកសារកំណត់ហេតុ នៃការប្រជុំស្វែងរកម្ចាស់ដីពិត កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ២០១៥ ដែលដឹកនាំដោយ លោក ហ៊ុន ហូ និងលោក សៀវ ប៊ុនសៀន ព្រោះវាអាចបង្ហាញពីការពិត នៃកម្មសិទ្ធិរបស់ម្ចាស់ដី។ អ្នកស្រីថា កំណត់ហេតុនាពេលនោះ មានទាំងស្នាមមេដៃ ទាំងអស់គ្នា ព្រមទាំងមានសក្សីដឹងឮផងដែរ តែអាជ្ញាធរមិនព្រមបង្ហាញមកដល់សព្វថ្ងៃនេះ ដោយនិយាយថា មានសាក្សីរស់ទាំង៦នាក់ហើយ មិនចាំចាប់យកកំណត់ហេតុនេះទេ មូលហេតុនេះហើយទើបធ្វើឲ្យអាជ្ញាធរក្រឡាច់ មិនទុកសិទ្ធិឲ្យអ្នកស្រីធ្វើម្ចាស់ដី ព្រោះដឹងថាអ្នកស្រីគ្មានឯកសារក្នុងដៃ។

     

    អ្នកស្រី សិទ្ធិ ច្រយ នៅតែចាត់ទុកថា ការលក់ដីរបស់អ្នកស្រីនេះ គឺជាផែនការជ្រោមជ្រែងរបស់ អាជ្ញាធរពាក់ព័ន្ធដដែល ព្រោះថា មានតែអាជ្ញាធរទេទើបដឹងសាច់រឿងនេះច្បាស់ ថាគួរប្រើវិធីណាទើបអាច ប្រឡេះដីពីដៃអ្នកស្រី ឲ្យទៅក្រុមហ៊ុនបាន ព្រោះគ្រានោះ ក្រុមហ៊ុនកំពុងត្រូវការដីរបស់អ្នកស្រីជាចាំបាច់ ដើម្បីធ្វើផ្លូវឡើងភ្នំ ធ្វើទីតាំងវាយកម្ទេចថ្ម តែដោយហេតុថា អ្នកស្រីមិនទាន់ចង់លក់ ព្រោះដំណាំកំពុងបានផលល្អ និងគេឲ្យតម្លៃថោកពេក មិនសមស្របនឹងតម្លៃទីផ្សារ ទើបគេលួចប្រឡេះដីរបស់អ្នកស្រីឲ្យទៅក្រុមហ៊ុនសិន ដើម្បីឲ្យក្រុមហ៊ុនបានដំណើរការ។

    អ្នកស្រីបានបន្តថា បើសិនអាជ្ញាធរ ពិតជាចង់បង្ហាញពីភាពស្អាតស្អំថា មិនជាប់ពាក់ព័ន្ធរឿងនេះមែន សូម្បីបង្ហាញឯកសារនោះឲ្យមហាជនបានឃើញ និងសូមឲ្យឯកឧត្តម ងួន រតនៈ ឆ្លើយតបឲ្យបានច្បាស់លាស់ផង ជុំវិញការសារភាពរបស់លោក សៀវ ប៊ុនសៀវ ជាអតីតអភិបាលរងស្រុករតនមណ្ឌល លើកឡើងថារឿងលក់ដី អ៊ូ សំអាន ជាការរៀបចំរបស់លោក ងួន រតនៈ ជាមួយនិងក្រុមហ៊ុន ហើយលោក សៀវ ប៊ុនសៀន ថាលោកបានដឹកពលរដ្ឋ ទៅយកប្រាក់នៅបន្ទប់លោក ងួន រតនៈ តើនេះជាការពាក់ព័ន្ធដែរឬទេ? តើលោក សៀវ ប៊ុនសៀន និយាយកុហក ឬមួយរដ្ឋបាលខេត្តកុហកមហាជន។ អ្នកស្រី សិទ្ធិ ច្រយ បានបញ្ជាក់ថា អ្នកស្រីនិងក្រុមគ្រួសារ បានព្យាយាមស្វែងរក ចម្លើយទាំងនេះ និងរកដំណោះស្រាយជាច្រើនលើកច្រើនសារ ជាមួយអតីតអភិបាលខេត្តបាត់ដំបង គឺឯកឧត្តម ច័ន្ទ សុផល និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបច្ចុប្បន្ននេះ តែលោកទាំង២មិនទទួលទូរស័ព្ទឡើយ និងគេចមុខពីអ្នកស្រីរហូត បំណងប្រុងបំបិតសំណុំរឿងនេះចោល ទោះបីជាអ្នកស្រី បានស្កាត់ពីភ្នំពេញ ទៅជួបអភិបាលខេត្តដល់បន្ទប់ ជាច្រើនលើកក៏ដោយ ឲ្យតែឃើញអ្នកស្រីដឹងតែគេមិនឲ្យជួប ហើយឆ្លើយថាជាប់រវល់រហូត។ អ្នកស្រីក៏ចង់សួរថា តើការគេចវេសបែបនេះ គឺជាដំណោះស្រាយដែរឬទេ បានជាថ្នាក់ដឹកនាំខេត្តព្យាយាមធ្វើបែបនេះ។

    អ្នកស្រី សិទ្ធិ ច្រយ បានបង្ហាញថាឯកសារទិន្នន័យដីរបស់អ្នកស្រី ដែលក្រុមការងារថ្នាក់ខេត្ត ចុះវាស់វែងជូនអ្នកស្រី តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ គឺត្រូវបានលោក ហ៊ុន ហូរ អតីតអភិបាលស្រុកស្តីទីរតនមណ្ឌល បានលាក់មិនឲ្យអ្នកស្រី បានឃើញពីទិន្នន័យដីរបស់ខ្លួនឡើយ ដោយមានឡេះដោះសាររហូត ក្រោយមកទើបមានមន្ត្រីសាលាខេត្តម្នាក់ យកឯកសារនោះមកបង្ហាញអ្នកស្រី ទើបដឹងថា កំណត់ហេតុចុះវាស់វែងកាលនោះ មានតែឈ្មោះអ្នកស្រីចូលរួមជាម្ចាស់ដី តែគេមិនបានដាក់ឈ្មោះអ្នកស្រី ក្នុងទិន្នន័យឡើយ ក្នុងទំហំដីជាង១០ហិចតា គឺមានតែឈ្មោះ អ៊ូ សំអាន ទាំងអស់ ខណៈដែលលោក អ៊ូ សំអាន មានសល់ដីជាប់អ្នកស្រីត្រឹមជាង២ហិចតាប៉ុណ្ណោះ។ អ្នកស្រីនិយាយថា នរណាក៏ដឹងដែរថា ដីរបស់លោក អ៊ូ សំអាន មាននៅសល់តែ២ប្លង់ ដែលមានទំហំត្រឹមជាង២ហិចតា និង១ទៀតត្រឹមជាង៣ហិចតាតែប៉ុណ្ណោះ ដូចមានក្នុងលិខិតសម្គាល់ លេខ៥៦៨/០៦ និងលេខ១២/០១៥ ដីទាំង២នេះបូកបញ្ជូលគ្នា មិនគ្រប់៧ហិចតាផង ម្យ៉ាងទៀតបច្ចុប្បន្នដីខាងលើ មិនទាន់ត្រូវបានលក់ចេញនៅឡើយ តើដីចំនួនជាង៧ហិចតា ដែលលក់ឲ្យអ្នកស្រី ហុង ស៊ួន នោះ លោក អ៊ូ សំអាន បានមកពីណា បើសិនមិនយកដីរបស់អ្នកស្រីទេនោះ។ អ្នកស្រី សិទ្ធិ ច្រយ បានចោទអាជ្ញាធរ ស្រុករតនមណ្ឌលថា គឺជាមន្ត្រីធ្វើការបែបលេងសើច គ្មានទំនួលខុសត្រូវ ដូចជាលោក សៀវ ប៊ុនសៀន អភិបាលរងស្រុក ដែលហ៊ានយកត្រារដ្ឋបាលមកបោះ លិខិតបញ្ជាក់ឲ្យអ្នកស្រីហើយ បែរជាយកត្រានេះទៅបោះផ្ទេរសិទ្ធិឲ្យអ្នកផ្សេង តាមអំពើចិត្ត ជាន់លើដីតែមួយកន្លែង។ ចំណែកឯលោក ហ៊ុន ហូរ ដែលជាអភិបាលស្រុកស្តីទីវិញ អ្នកស្រីចាត់ទុកថា ជាមន្ត្រីខិលខូច ធ្វើបាបពលរដ្ឋ ពូកែលាក់ពុធ និងពូកែខាងបន្លំកេងប្រវ័ញ្ចទិន្នន័យ និងឈ្មោះ។ អ្នកស្រី សិទ្ធិ ច្រយ បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមហ៊ុនរោងចក្រខាងលើ បានយកគ្រឿងចក្រចូលឈូសឆាយដីរបស់អ្នកស្រី និងពលរដ្ឋផ្សេងទៀតទាំងបង្ខំ ដោយមិនទាន់បានដោះស្រាយសំណង ដែលកាលគ្រានោះ មានទាំងកងកម្លាំង ដឹកនាំដោយមេឃុំថែមទៀតផង តើនេះមិនចាត់ទុកថា ជាការបំផិតបំភ័យ ធ្វើបាបពលរដ្ឋទេឬ? ព្រោះម្នាក់បានកាន់កាប់អាស្រ័យផល និងបង្កបង្កើនផលរាប់ឆ្នាំមកហើយ។

    ឆ្លើយតបនឹងរបាយការណ៍ របស់រដ្ឋបាលខេត្តបាត់ដំបងដដែល អ្នកស្រី សិទ្ធិ ច្រយ បានបញ្ជាក់ផងដែរថា ក្រោយមានករណី គេលួចលក់ដីរបស់អ្នកស្រី ហើយអាជ្ញាធរខេត្ត គេចវេសមិនដោះស្រាយឲ្យបែបនេះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ អ្នកស្រីក៏បាន ដាក់សំណើរអន្តរាគមន៍ទៅកាន់ក្រសួងរៀបចំដែនដី ដើម្បីស្នើរសុំក្រសួងផ្តល់សិទ្ធិកាន់កាប់ដីផងដែរ ដែលកាលគ្រានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចារឯកភាព និងបានចាត់ក្រុមការងារ ដើម្បីចុះវាស់វែងជូនអ្នកស្រី តែក្រោយពេលវាស់វែង អ្នកស្រីមិនបានដឹងថា ក្រុមការងារនោះ ត្រូវរូវគ្នាយ៉ាងមិចទេ បែរជាធ្វើឲ្យបាត់ទិន្នន័យដី របស់អ្នកស្រីមួយចំនួនធំ នៅចំហៀងខាងកន្លែងធ្វើរោងចក្របច្ចុប្បន្ននេះ ហើយក្រុមការងាររបស់ក្រសួង ក៏បង្ខំឲ្យអ្នកស្រីផ្តិតមេដៃ ទទួលមេដៃទទួលយកទិន្នន័យដី ដែលមិនគ្រប់ចំនួនហិចតានោះ។ អ្នកស្រី ក៏បានដាក់សំណើរទៅក្រសួងម្តងទៀត ដើម្បីសុំផ្លាស់ប្តូរក្រុមការងារ ពេលនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្រេចឲ្យ ឯកឧត្តម សេង ឡូត ជាអគ្គនាយករដ្ឋបាល បង្កើតក្រុមការងារថ្មីជូនអ្នកស្រី ដើម្បីបន្តការងារនេះតាមសំណើរ ស្រាប់តែក្រុមការងារមិនទាន់បាន ចុះវាស់វែងតាមការបញ្ជារបស់ ឯកឧត្តម ជា សុផារ៉ា ផង បែរជាមានលិខិតជម្រាបមកអ្នកស្រីថា រឿងនេះក្រសួងសម្រេចតម្កល់ទុកមិនចាត់ការទៅវិញ ដោយហេតុថារឿងនេះ មិនមែនជាសមត្ថកិច្ចរបស់ក្រសួង។ អ្នកស្រីថា ពេលឃើញលិខិតរបស់ក្រសួងបែបនេះ អ្នកស្រីបានសម្រេចចិត្ត ស្កាត់ទៅសុំជួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដោយផ្ទាល់ ដើម្បីបញ្ជាក់ពីរឿងនេះ ស្រាប់តែទៅដល់ ខាងរដ្ឋបាលគេមិនអនុញ្ញាតិឲ្យអ្នកស្រី យកឯកសារអ្វីទៅជម្រាបដល់ឯកឧត្តម ជា សុផារ៉ា ឡើយ ហើយបង្វៀងអ្នកស្រី ឲ្យទៅចាំក្នុងបន្ទប់ផ្សេង ក្រោយមកពេលអ្នកស្រីព្យាយាមទៅសុំជួបម្តងទៀត ស្រាប់តែគេបានរៀបចំជាស្រេច ដោយដាក់កងកម្លាំងឃាត់អ្នកស្រីនិងស្វាមី មិនឲ្យចូលទៅក្នុងក្រសួងដែនដីបានឡើយ។ អ្នកស្រីថាករណីនេះហើយ ទើបអាជ្ញាធរខេត្ត គេបានចិត្តធ្វើបាបអ្នកស្រី ដោយគិតថាអ្នកស្រីគ្មានលទ្ធភាព នឹងដណ្តើមដីនោះមកវិញ ព្រោះសូម្បីតែក្រសួង ក៏មិនដោះស្រាយឲ្យដែរ។ អ្នកស្រីមិនបានដឹងថា ការសម្រេចតម្កល់រឿងរបស់អ្នកស្រី មិនដោះស្រាយឲ្យនេះ ជាគំនិតរបស់ខាងណានោះទេ តើឲ្យអ្នកស្រីទៅប្តឹងអ្នកណា បើស្ថាប័នពាក់ព័ន្ធ សុទ្ធតែមិនចង់ដោះស្រាយបែបនេះ។ កាលពីពេលថ្មីៗនេះ ឯកឧត្តម ងួន រតនៈ បានបង្ហើបផ្លូវឲ្យអ្នកស្រី សិទ្ធិ ច្រយ ប្តឹងទៅតុលាការខេត្តបាត់ដំបង ជាច្រើនលើកច្រើនសារ តែអ្នកស្រីមិនព្រមធ្វើតាមឡើយ ព្រោះខ្លាចគេរៀបចំធ្វើបាបអ្នកស្រី ឲ្យអស់ប្រាក់ថែមទៀត។ អ្នកស្រីចង់បង្ហាញថា រឿងរ៉ាវដែលបានកើនឡើង មិនដូចជាការលើកឡើង និងការធ្វើរបាយការណ៍ របស់រដ្ឋបាលខេត្ត និងអាជ្ញាធរទេ អ្នកស្រីចង់ឲ្យមន្ត្រីពាក់ព័ន្ធ ចេញមុខតតាំងដោះស្រាយជាមួយអ្នកស្រី ឲ្យបានច្បាស់លាស់កុំគេចវេស ដូចរាល់ដងឲ្យសោះ ពេលគេចង់ជួបមិនឲ្យជួបទេ ពេលគេទម្លាយសាច់រឿង បែរជាពូកែខាងចេញរបាយការណ៍ ពីក្រោយខ្នងបំភ័នភ្នែកមហាជន។

    ទោះបីជាមានការបញ្ជាក់តាមរបាយការណ៍ របស់រដ្ឋបាលស្រុករតនមណ្ឌល និងរដ្ឋបាលខេត្តបាត់ដំបង បញ្ជាក់ថាការទិញ និងលក់ដីរបស់ពលរដ្ឋ គឺធ្វើឡើងដោយគ្មានជាប់ពាក់ព័ន្ធ នឹងក្រុមការងារយ៉ាងណាក៏ដោយ ក៏ពលរដ្ឋជាច្រើនគ្រួសារ ដែលធ្លាប់ដឹងរឿង នៅតែលើកឡើងថា ខាងស្រុក ខាងខេត្ត ខាងឧកញ៉ា ជាអ្នកបង្ខំពួកគាត់ ដោយបន្ទាបតម្លៃដី បំផិតបំភ័យជាដើម ធ្វើឲ្យពួកគាត់ព្រមទទួលយកសំណង់ទាំងមិនពេញចិត្ត។

    គួរបញ្ជាក់ថា តាមឯកសារសម្លេង បែកធ្លាយរបស់លោក សៀវ ប៊ុនសៀន អតីតជាអភិបាលរងស្រុករតនមណ្ឌល និងបច្ចុប្បន្នជាអភិបាលរងស្រុកឯកភ្នំ បានបញ្ជាក់ថា អភិបាលខេត្តបាត់ដំបង គឺឯកឧត្តម ងួន រតនៈ ជាអ្នករៀបចំធ្វើដីពលរដ្ឋលក់ឲ្យក្រុមហ៊ុន និងបានបញ្ជាឲ្យលោក សៀវ ប៊ុនសៀន ជាអ្នកជួយសម្រួល ជាមួយពលរដ្ឋថែមទៀត កាលឯកឧត្តម ងួន រតនៈ នៅជាអភិបាលរងខេត្ត។ តាមរយៈសារបែកធ្លាយនេះដដែល បង្ហាញថា ដីរបស់អ្នកស្រី សិទ្ធិ ច្រយ ដែលលោក អ៊ូ សំអាន ឈរឈ្មោះលក់ឲ្យអ្នកស្រី ហុង ស៊ួន ក៏មានពាក់ព័ន្ធនឹងឯកឧត្តម ងួន រតនៈ ដូចគ្នាដែរ។ ហើយលោក សៀវ ប៊ុនសៀន ជាអ្នកដឹកពលរដ្ឋទៅយកប្រាក់នៅបន្ទប់ ឯកឧត្តម ងួន រតនៈ ដោយផ្ទាល់។ តែករណីនេះ អង្គភាពយើងបានព្យាយាមសុំការពន្យល់បកស្រាយ ពីឯកឧត្តម ងួន រតនៈ ជាច្រើនលើកច្រើនសារដែរ តែលោកមិនទាន់ឆ្លើយតប។

    ចំពោះលោក សូ សិដ្ឋ ដែលជាអ្នកចាំដីឲ្យអ្នកស្រី សិទ្ធិ ច្រយ វិញបានសំដែងការខកចិត្ត ចំពោះរឿង​​អាជ្ញាធរ បោះត្រាបញ្ជាក់ដីឲ្យអ្នកស្រីហើយ បែរជាលួចបោះត្រាលក់ដីនេះវិញ ដោយមិនឲ្យអ្នកស្រីបានដឹង។ លោក សូ សិដ្ឋ ក៏បានសំណូមពរ ឲ្យមានការដោះស្រាយជូនអ្នកស្រី សិទ្ធិ ច្រយ ឡើងវិញ ព្រោះថាតាំងពីអ្នកស្រី បានជួលលោកឲ្យចូលមកចាំដីនោះ លោក អ៊ូ សំអាន ក៏បាននៅទីនោះដែរ ដូចជាគ្មានរឿងអ្វីកើតឡើងទេ បើលោក អ៊ូ សំអាន ជាម្ចាស់ ហេតុអ្វីយល់ព្រមឲ្យអ្នកស្រីជួលអ្នកចាំដីបែបនេះ។ ហើយម្យ៉ាងទៀត បើអ្នកស្រី សិទ្ធិ ច្រយ មិនមែនជាម្ចាស់ដីទេ ហេតុអ្វីគាត់បានចំណាយលុយជួលគេមកចាំដី អស់ប្រាក់ច្រើនយ៉ាងនេះ ហើយលោក អ៊ូ សំអាន ហេតុអ្វីមិនជំទាស់ឲ្យហើយ ព្រោះដឹងថាលោកជាអ្នកមើលថែរដីឲ្យអ្នកស្រីដែរ។

    សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញភាពមិនប្រក្រតី ក្នុងការកាន់កាប់ដីប្រមាណ៥ពាន់ហិចតា របស់ លោកឧកញ៉ា សង ថន នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះ បន្មានថ្ងៃបន្ទាប់ ក៏មានការរកឃើញអ្នកពាក់ព័ន្ធ ដែលធ្វើបាបពលរដ្ឋ ជាបន្តបន្ទាប់ ហើយក៏មានការដកតំណែងអភិបាលស្រុកគាស់គ្រឡ និងមានការនាំខ្លួនអភិបាលរងខេត្តបាត់ដំបងម្នាក់ ទៅបំភ្លឺពីរឿងដីធ្លីនេះផងដែរ។ ជាក់ស្តែងក្នុងករណីស្រុករតនមណ្ឌលនេះ ក៏អាចមានអ្នកពាក់ព័ន្ធ ក្នុងការធ្វើបាបពលរដ្ឋដូចគ្នានេះដែរ៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច




    spot_img

    អត្ថបទទាក់ទង

    spot_img