More

    វិនាសកម្មព្រៃឈើនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមផ្ទុះឡើងសាជាថ្មី វិញក្រោយលោកថងសាវុនប្រកាសចូលកាន់មុខតំណែងជាចៅហ្វាយខេត្ត

    spot_img

    ខេត្តមណ្ឌលគិរី : ក្រោយពីមានការស្ងប់ស្ងាត់អស់មួយរយៈពេល រឿងបទល្មើសព្រៃឈើ ក៏ដូចជាការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ស្ទើរគ្រប់កន្លែងកន្លងមក ឥឡូវនេះគេសង្កេតឃើញថា ជំងឺចាស់ ចាប់ផ្ដើម រើឡើងវិញហើយ។

    ជាក់ស្ដែងកាលពីថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2021 ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានទៅដល់ភូមិ អូររវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពេលនោះក៏បានប្រទះឃើញបទល្មើសការកាប់ទន្ទ្រានរុករានដីព្រៃ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយប្រើប្រាស់គ្រឿងចក្រ ( អេស្កាវ៉ាទ័រ ) ត្រង់ចំណុចភូមិ អូររវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ហាក់បីដូចជាមានច្បាប់អនុញ្ញាតត្រឹមត្រូវណាស់អញ្ចឹង។
    ជាមួយគ្នានោះដែរ ក្រុមអ្នកសារព័ត៌មានយើង បានទូរស័ព្ទទៅលោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែក និង លោក វឿន ដែលមានតួនាទីជានាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកកោះញែកផងដែរ ប៉ុន្តែពុំមានចំណាត់ការអ្វីនោះទេ បានត្រឹមតែចាត់កម្លាំងរដ្ឋបាលព្រៃឈើស្រុកចំនួន 2 នាក់ឲ្យមកអើតឡឺមៗ រួចក៏ទៅវិញបាត់ស្រមោល ។

    លោក អ៊ូ សុភក្តី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានយើងតាមទូរស័ព្ទថា ចំណុចទីតាំងដីរាប់ពាន់ហិចតាខាងលើដែលក្រុមឈ្មួញកំពុងតែប្រើគ្រឿងចក្ររុករាននេះ គឺជាដីគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ ចំពោះករណីដែលគ្រឿងចក្រចូលទៅរុករានទន្ទ្រានដីព្រៃនេះលោកពុំបានដឹងនោះទេ។ លោកនឹងបញ្ជាមន្ត្រីឲ្យចុះអនុវត្ត។

    ដោយឡែកប្រភពចេញពីមន្ត្រី ស្រុកកោះញែកសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃវាក៍មិនហ៊ានចូលនោះទេ រឿងដីនៅស្រុកកោះញែក កំពុងតែបង្កបញ្ហា ម្ខាងក្រុមរបស់ឈ្មោះ សយតុល ហៅ ( ថុល ) និងឈ្មោះស៑ុ ឃុនឆៃ និង ម្ខាងទៀតក្រុមអ្នករៀបចំដី ឲ្យក្រុមហ៊ុន តាយសេង ឈ្មោះ សុផានី ហើយឈ្មោះ សុផានី នេះកំពុងតែធ្វើ ព្យុះភ្លៀង នៅលើទឹកដីស្រុកកោះញែកខេត្តមណ្ឌលគិរី ដោយពុំខ្លាចញញើតនិងច្បាប់អីបន្តិចសោះឡើយ ។

    មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី សុំសំណូមពរទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយចាត់វិធានការនិងចាត់ក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ ដើម្បីចុះស៊ើបអង្កេតវែកមុខជនដៃដល់ និងអ្នករួមគំនិតក្នុងការបំផ្លិចបំផ្លាញ វិនាសកម្មព្រៃឈើខាងលើយកទៅដាក់ទោសតាមផ្លូវច្បាប់ ។ រូបភាពនិងអត្ថបទដោយលោក មុី ឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img