More

    រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣ -៩វិច្ឆិកា២០២១

    spot_img

     

    ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំធ្វើពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២១ និងជាថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ។ ទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណ វិមានឯករាជ្យ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ ផងដែរ។

    ក្នុងឱកាសនោះគណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងផែនមន្ត្រីរាជការ ក៏បានដាក់កម្រងផ្កា នៅវិមានស្តូបកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់អ្នកស្នេហាជាតិយុទ្ធជនយុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ អោយរួចផុតពីរបបអាណានិគមនិយមបារាំង។ពិសេសគោរពទៅដល់កម្មាភិបាលយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ ដែលបានតស៊ូ និងធ្វើពលីជីវិតដើម្បីរំដោះប្រជាជនកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ផងដែរ ។

    មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងពីប្រវត្តិព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ របស់ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាឯករាជ្យជាតិបូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការទាមទារឯករាជ្យ ពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្តនិងមាតុភូមិកម្ពុជា។

    ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន មានប្រសាសន៍ ថា ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជ្យបិតា ឯករាជ្យជាតិ ប្រទេសកម្ពុជា បានទទួលឯករាជ្យពេញលេញបរិបូណ៌ ពីសាធារណរដ្ឋបារាំងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ហើយក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្រ្តនិយម រហូតធ្វើអោយពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមព្រះរាជាណាចក្រកម្ពុជា ថាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍។

    កូនចៅប្រជានុរាស្ត្រកម្ពុជាគ្រប់ៗរូប សូមចងចាំនៅព្រះគុណូបការៈដ៏ធំធេងនៃព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជាជាពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់រូប គ្រប់មូលដ្ឋានក្នុងខេត្តប៉ៃលិន នឹងខិតខំចូលរួមការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានគង់វង្សរីកចម្រើនតរៀងទៅ៕ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img