More

    ១រឿងទៀតហើយ! ធ្លាយរឿងអាជ្ញាធរខេត្តបាត់ដំបង រៀបចំដីពលរដ្ឋលក់ឲ្យក្រុមហ៊ុន ទាំងម្ចាស់មិនបានទទួលសំណង

    spot_img

    បាត់ដំបង៖ អាជ្ញាធរស្រុករតនមណ្ឌល និងអាជ្ញាធរខេត្តបាត់ដំបង ត្រូវបានក្រុមប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំង ដោយចោទអាជ្ញាធរថា បានដើរតួជួយវែកផ្លូវ យកដីពលរដ្ឋលក់ឲ្យក្រុមហ៊ុនចិន ទាំងមិនបានទូទាត់សំណងជូនពលរដ្ឋ ឲ្យបានសមរម្យ ដោយប្រើការបង្ខិតបង្ខំបន្ទាបតម្លៃថោក ពេលចរចារមិនត្រូវគ្នា លួចធ្វើឯកសារលក់ដោយស្ងាត់ៗតែម្តង ធ្វើឲ្យម្ចាស់ដីពិតប្រាកដមិនបានទទួលសំណងឡើយ ពេលពលរដ្ឋប្តឹង អាជ្ញាធរបែរជាគេចវេស មិនដោះស្រាយ ឆ្លើយដាក់គ្នាយករួចខ្លួន និងធ្វើឯកសារបន្លំពលរដ្ឋជាដើម ហើយបង្ហាញពីភាពគ្មានទទួលខុសត្រូវ។

    ពលរដ្ឋម្នាក់ឈ្មោះ សិទ្ធិ ច្រយ រស់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលជាអ្នករងគ្រោះដោយសារ ស្នាដៃអាជ្ញាធរ បានបញ្ជាក់ពីទុក្ខលំបាក ប្រាប់បណ្តាញសារព័ត៌មានថា មានអភិបាលរងស្រុកម្នាក់ ត្រូវរូវគ្នាជាមួយខេត្ត លួចស៊ីញ៉េលក់ដី របស់អ្នកស្រីឲ្យទៅក្រុមហ៊ុនចិន នៅឆ្នាំ២០១៧ ខណៈដែលអភិបាលរងស្រុករូបនោះ ដឹងច្បាស់ហើយថា អ្នកស្រីគឺជាម្ចាស់ដី ព្រមទាំងជាអ្នកបោះត្រាបញ្ជាក់ ដឹងឮថែមទៀតផង។

    អ្នកស្រី សិទ្ធិ ច្រយ បានបញ្ជាក់ថា នៅឆ្នាំ២០១៣​អ្នកស្រីបានទិញដី ពីឈ្មោះ អ៊ូ សំអាន ចំនួន៨ហិចតា ក្នុងតម្លៃ៤២០០០ដុល្លា ស្ថិតនៅជើងភ្នំដូនមាយ ក្នុងភូមិដូនមាឃ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្រោយមក ស្រាប់តែមានគម្រោងរោងចក្រស៊ីម៉ង់ត៏ របស់ក្រុមហ៊ុនចិនមួយ ឈ្មោះ ខនស៊ីមេន ចង់បានដីភ្នំនោះទាំងមូល ដើម្បីវិនិយោគធ្វើអាជីវកម្ម ស្រាប់តែអាជ្ញាធរ ចាប់ផ្តើមស្វែងរកម្ចាស់ដី និងជួយបញ្ចុះបញ្ចូល ឲ្យពលរដ្ឋលក់ដីចម្ការទៅឲ្យក្រុមហ៊ុន ព្រមទាំងបានឲ្យតម្លៃដីរបស់ពលរដ្ឋ មិនស្មើរគ្នា ឬប្រើការបំផិតបំភ័យ ពលរដ្ឋជាដើម។ កាលឆ្នាំ២០១៥ អាជ្ញាធរស្រុករតនមណ្ឌល ធ្លាប់បានប្រជុំស្វែងរកម្ចាស់កម្មសិទ្ធិ ដីដែលប៉ះចំគម្រោងរបស់ក្រុមហ៊ុន ក្នុងនោះប៉ះចំដីរបស់អ្នកស្រីដែរ ហើយលោក អ៊ូ សំអាន ដែលជាម្ចាស់ដីដើមក៏បាន ឆ្លើយប្រាប់អាជ្ញាធរថា ដីខាងលើគាត់បានលក់មកឲ្យអ្នកស្រី សិទ្ធិ ច្រយ រួចហើយ បើសិនអាជ្ញាធរ ឬក្រុមហ៊ុនចង់ទិញ សូមទាក់ទងម្ចាស់ដីគេដោយផ្ទាល់ទៅ លោកពុំមានជាប់ពាក់ព័ន្ធទៀតនោះទេ គ្រាន់តែជួយមើលដីឲ្យគេប៉ុណ្ណោះ។ ក្រោយពេលប្រជុំរួចបាន១ថ្ងៃ អាជ្ញាធរស្រុក បានចេញលិខិតបញ្ជាក់មួយ តាមការលើកឡើងរបស់ឈ្មោះ អ៊ូ សំអាន។ អ្នកស្រីថា ភ័ស្តុតាងមាន យ៉ាងច្បាស់ នៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ កាលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ដោយមានទាំងសាក្សីដឹងឮ និងស្នាមមេដៃបញ្ជាក់ពីការផ្ទេរសិទ្ធិមកឲ្យអ្នកស្រីផងដែរ តែកំណត់ហេតុនោះ ត្រូវបានអាជ្ញាធរលាក់ មិនបង្ហាញដល់សព្វថ្ងៃនេះ ព្រោះជាភ័ស្តុតាងបង្ហាញពីចំណុចពុករលួយ។

    អ្នកស្រី សិទ្ធិ ច្រយ បានបន្តថា ក្រោយពេលអាជ្ញាធរចេញលិខិតបញ្ជាក់នោះហើយ មានអ្នកមកសុំចរចារទិញដី របស់អ្នកស្រីជាច្រើនលើកច្រើនសារ ដើម្បីយកឲ្យក្រុមហ៊ុនធ្វើទីតាំងវាយកម្ទេចថ្ម។ អ្នកស្រីនិយាយថា សូម្បីតែលោក ងួន​ រតនៈ កាលគ្រានោះជាអភិបាលរងខេត្ត ក៏ធ្លាប់បានចរចារតម្លៃជាមួយអ្នកស្រី នៅក្នុងបន្ទប់លោកផ្ទាល់ផងដែរ តែគ្រានោះអ្នកស្រីមិនព្រមលក់ឡើយ ព្រោះគេឲ្យតម្លៃថោកពេក មិនសមស្របនឹងផលដំណាំ ដែលមាននៅលើដី តាមតម្លៃទីផ្សារឡើយ។ ក្រោយពេលអ្នកស្រីមិនព្រម លក់ដីចម្ការខាងលើ នៅឆ្នាំ២០១៧ ស្រាប់តែអាជ្ញាធរ ស៊ីញ៉េដាក់ឈ្មោះលោក អ៊ូ សំអាន ដែលជាអ្នកមិនចេះអក្សរ មកដើរតួលក់ដីរបស់អ្នកស្រី ឲ្យទៅខាងក្រុមហ៊ុនតែម្តង ដែលជាហេតុធ្វើឲ្យអ្នកស្រី ក្លាយជាជនរងគ្រោះ រត់ទៅប្តឹងអាជ្ញាធរគេឆ្លើយដាក់គ្នា គេចមិនចង់ដោះស្រាយ និងធ្វើឯកសារបន្លំភ្នែកអ្នកស្រីជាដើម។

    អ្នកស្រី សិទ្ធិ ច្រយ ដដែលបាន បង្ហើបថា អ្នកដែលធ្វើបាបអ្នកស្រីឲ្យរងគ្រោះវេទនា គឺមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ គឺលោក សៀវ ប៊ុនសៀន និងលោក ហ៊ុន ហូ អ្នកទាំងពីរជាអតីតអភិបាលរងស្រុករតនមណ្ឌល ព្រមទាំងលោក ងួន រតនៈ ដែលជាអភិបាលខេត្តបច្ចុប្បន្ននេះ។ អ្នកស្រីក៏បាន ប្រាប់ផងដែរថា ពេលកើតរឿងឡើងដំបូងៗ អ្នកស្រីនិងក្រុមគ្រួសារ មានគម្រោងចង់ប្តឹងឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ និងផ្សព្វផ្សាយតាមសារព័ត៌មាន ឲ្យមហាជនដឹងជាដើម តែដោយសារគ្រានោះ ឯកឧត្តម ច័ន្ទ សុផល អតីតជាអភិបាលខេត្ត បានឃាត់អ្នកស្រីមិនឲ្យបញ្ចេញព័ត៌មាននេះ មកដល់ថ្នាក់លើ ដោយសុំទុកពេលឲ្យឯកឧត្តមជាអ្នកជួយសម្រួល តែរហូតមកដល់ពេលនេះ បែរជាគ្មានលទ្ធផលអ្វីជូនអ្នកស្រី ដូចការសន្យានោះសោះ។

    សូមបញ្ជាក់ថា យោងតាមលិខិតបញ្ជាក់មួយ ដែលចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ចុះហត្ថលេខាដោយលោក សៀវ ប៊ុនសៀន អតីតអភិបាលរងស្រុករតនមណ្ឌល បានបញ្ជាក់ថា អ្នកស្រី សិទ្ធិ ច្រយ គឺពិតជាម្ចាស់ដីខាងលើពិតប្រាកដមែន ចំណែកឈ្មោះ អ៊ូ សំអាន គ្រាន់តែជាអ្នកគ្រប់គ្រងថែរក្សាជំនួសអ្នកស្រី សិទ្ធិ ច្រយ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លោក សៀវ ប៊ុនសៀន ដែលជាអភិបាលរងស្រុកដដែល បែរជាចេញមុខចុះហត្ថលេខា បោះត្រាឲ្យលោក អ៊ូ សំអាន លក់ដីរបស់អ្នកស្រី សិទ្ធិ ច្រយ ឲ្យទៅឈ្មោះ ហុង ស៊ួន ទៅវិញ។

    ករណីបែបនេះអ្នកស្រី សិទ្ធិ ច្រយ ចាត់ទុកថា អាជ្ញាធរ ត្រូវរូវគ្នារៀបចំលួចដីអ្នកស្រីលក់ ឲ្យក្រុមហ៊ុន ទាំងបង្ខំ ដោយធ្វើបាបអ្នកស្រី តាំងពីលើដល់ក្រោម និងជួយការពារគ្នាទៅវិញទៅមក ដើម្បីតែផលប្រយោជន៍ ព្រោះថាលោក អ៊ូ សំអាន គឺជាមនុស្សធ្លាប់ស្មោះត្រង់ ហើយមិនចេះអក្សរ មិនសូវចេះនិយាយនោះទេ ហេតុអ្វីបែរជាមានលទ្ធភាព ទំនាក់ទំនងជាមួយក្រុមហ៊ុន និងឧកញ៉ាល្បីៗបានបែបនេះទៅវិញ បើសិនគ្មានអ្នកនៅពីក្រោយខ្នងទេនោះ។  អ្នកស្រី សិទ្ធិ ច្រយ ថាមកដល់ពេលនេះ អ្នកស្រីលែងក្លាយការសំឡុត និងអស់ទ្រាំតាមការអង្វរកររបស់ របស់ឯកឧត្តម ច័ន្ទ សុផល ហើយ។ អ្នកស្រីសំណូមពរ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ជួយស៊ើបអង្កេតពីករណីនេះ ពិសេសគឺ សំណូមពរដល់ថ្នាក់ដឹកនាំ សុំជួយអន្តរាគមន៍ និងពិនិត្យពីភាពមិនប្រក្រី របស់រដ្ឋបាលខេត្តបាត់ដំបង ពាក់ព័ន្ធរឿងដីធ្លីនេះ។

    ទាក់ទងរឿងដូចការលើកឡើងខាងលើ លោក អ៊ូ សំអាន យើងមិនទាន់អាចសុំការបកស្រាយបាននៅឡើយទេ ដោយសារពុំមានលេខទំនាក់ទំនង។ តែបើតាមការឲ្យដឹងពីពលរដ្ឋម្នាក់បានឲ្យដឹងថា លោក អ៊ូ សំអាន បានលក់ដីចំនួនជាង៧ហិចតា បានប្រាក់ចំនួន៣៤០០០០ដុល្លា ហើយក៏បានគេចខ្លួនចេញពីភូមិដូនមាយ ទៅរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យភ្លាមៗ ដោយពុំដឹងមូលហេតុ។

    ពាក់ព័ន្ធនឹងការលេចធ្លាយរឿងបែបពុករលួយ របស់អាជ្ញាធរ ទាក់ទងនឹងការទិញលក់ដីរបស់ពលរដ្ឋ ជាមួយក្រុមហ៊ុនចិននេះ អង្គភាពយើង មិនទាន់អាចសុំការបំភ្លឺពីលោក សៀវ ប៊ុនសៀន អតីតអភិបាលរងស្រុករតនមណ្ឌល និងបច្ចុប្បន្នជាអភិបាលរងស្រុកឯកភ្នំ បាននៅឡើយទេ ជុំវិញការបោះត្រា លក់ដីរបស់ពលរដ្ឋដោយគ្មានប្រាប់ម្ចាស់នេះ ដោយសារតែទូរស័ព្ទចូល លោកសុំពេលពិនិត្យឯកសារ ក្រោយមកទៀតទូរស័ព្ទចូលពុំមានអ្នកទទួល។

    ទោះបីជាលោកបង្ហាញពីការគេចវេស ពុំចង់បកស្រាយយ៉ាងនេះក្តី ក៏នៅក្នុងកិច្ចពិភាគ្សាបែកធ្លាយមួយ រវាងលោក និងពលរដ្ឋ លោក សៀវ ប៊ុនសៀន បានឆ្លើយសារភាពប្រាប់ដោយត្រង់ៗថា ករណីដែលលោកធ្វើបែបនេះ មិនមែនជាគំនិតរបស់លោកនោះទេ គឺជាគំណិតរបស់លោក ងួន រតនៈ ដែលកាលនោះគាត់នៅត្រឹមជាអភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការដីធ្លី។ លោក សៀវ ប៊ុនសៀវ បានបង្ហើបពីគម្រោងរបស់លោក ងួន រតនៈ ជាមួយនឹងក្រុមហ៊ុនថា លោក ងួន រតនៈ បានបញ្ជាឲ្យលោក ជួយដោះស្រាយសម្របសម្រួលជាមួយ ពលរដ្ឋដែលជាម្ចាស់ដីទាំងឡាយ មានដីចម្ការនៅលើភ្នំដូនមាយ ឲ្យព្រមទទួលសំណងត្រឹម១គ្រួសារ ១លានរៀនស្មើរៗគ្នាប៉ុណ្ណោះ ដោយមិនចាំបាច់គិតពី ចំនួនដីតូចឬធំឡើយ។ លោកថា កាលគ្រាលនោះ មានពលរដ្ឋត្រឹមតែ៧គ្រួសារតែប៉ុណ្ណោះ ក្នុងចំណោម២៦គ្រួសារ ដែលព្រមទទួលយកប្រាក់សំណង១លានរៀល តាមការអង្វរករបស់គាត់ ដូចលោក ងួន រតនៈ បញ្ជានេះ តែប៉ុន្មានគ្រួសារផ្សេងទៀត មិនព្រមទទួលឡើយ។ ហើយលោក គ្រាន់តែជាអ្នកធ្វើតាម បញ្ជារបស់គេតែប៉ុណ្ណោះ ថែមទាំងដឹកពលរដ្ឋទៅ យកប្រាក់ពីលោក ងួន រតនៈ នៅបន្ទប់ដោយផ្ទាល់ថែមទៀត។

    ពាក់ព័ន្ធនឹងករណីលោក សៀវ ប៊ុនសៀន អតីតជាអភិបាលរងស្រុករតនមណ្ឌល លើកឡើងថា ការបង្ខំទិញលក់ដីរបស់ពលរដ្ឋ ជាមួយក្រុមហ៊ុនជាគំនិតរបស់លោក ងួន រតនៈ បែបនេះ សារព័ត៌មានយើង មិនអាចសុំការបំភ្លឺបញ្ហានេះ ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននៅឡើយទេ ដោយសារទូរស័ព្ទចូលជាច្រើនដង លោកពុំទទួល។

    គួរបញ្ជាក់ផងដែរថា ក្រោយពេលមាន ការប្រមូលទិញដីពលរដ្ឋឲ្យក្រុមហ៊ុនបែបនេះ មិនត្រឹមតែធ្វើឲ្យអ្នកស្រី សិទ្ធិ ច្រយ តែម្នាក់រងទុក្ខប៉ុណ្ណោះទេ សូម្បីតែពលរដ្ឋដែលជាម្ចាស់ដី ម្ចាស់ចម្ការជាច្រើនគ្រួសារផ្សេងទៀត ក៏សំដែងការមិនពេញចិត្ត និងព្រមទទួលយកសំណងទាំងឈឺចាប់ ដោយពួកគាត់បានលើកឡើងថា កាលនោះមានអាជ្ញាធរដែនដីថ្នាក់ស្រុក និងថ្នាក់ខេត្ត រួមនឹងតំណាងក្រុមហ៊ុន បានមកបង្ខំពួកគាត់ឲ្យលក់ដីក្នុងតម្លៃថោក និងប្រើពាក្យបំផិតបំភ័យជាដើម ដោយនិយាយថាបើមិនលក់គេនឹងព័ទ្ធរបងយក ធ្វើឲ្យពួកគាត់បង្ខំចិត្តលក់ដីដើរចេញទាំង មិនពេញចិត្ត ព្រោះដំណាំរបស់ពួកគាត់កំពុងបានផលល្អ។ ពួកគាត់បានរិះគន់ និងសង្ស័យថា អាជ្ញាធរ ច្បាស់ជាបានផលប្រយោជន៍ បន្តពីពួកគាត់ច្រើនណាស់ហើយ បានជាជួយតម្រូវតាមចិត្តក្រុមហ៊ុន ជាងតម្រូវចិត្តពលរដ្ឋខ្លួនឯង។

    កាលពីពេលថ្មីៗនេះ លោក កែវ ប៊ុនហ៊ាង មេភូមិដូនមាយ ឃុំស្តៅ បានបង្ហើបប្រាប់ដោយទទួលស្គាល់ថា គ្រាដែលក្រុមហ៊ុនដើរប្រមូលទិញដី ពីពលរដ្ឋនោះ គឺពិតជាមានការកៀបសង្កត់ និងបំផិតបំភ័យធ្វើបាបពលរដ្ឋ ដូចការលើកឡើងមែន។ លោកបានបញ្ជាក់ថា អ្នកដែលចេញមុខសម្របសម្រួល ដើរទិញដីពលរដ្ឋកាលនោះ លោកមិនដឹងថា មានពាក់ព័ន្ធនរណាខ្លះទេ គ្រាន់តែឃើញមានខាងលោកឧកញ៉ា ខាងស្រុក និងខាងលោក ពុត ចាន់ធារិទ្ធិ ចេញមុខច្រើនជាងគេ។ លោក កែវ ប៊ុនហ៊ាង បានបញ្ជាក់ទៀតថា ជុំវិញការទិញលក់ដីរបស់ពលរដ្ឋជាមួយក្រុមហ៊ុននោះ គេពុំឲ្យលោកដឹងរឿងអ្វីទាំងអស់ ទាល់តែមានរឿងកើតឡើង ទើបគេហៅលោកទៅជួយបំភ្លឺ។ លោកថាចំពោះរឿងលោក អ៊ូ សំអាន មានដីចំនួនជាង៧ហិចតា លក់ឲ្យអ្នកស្រី ហុង ស៊ួន នោះ ក៏លោកពុំបានដឹងថា គេលក់តាំងពីពេលណាដែរ។ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ លោក កែវ ប៊ុនហ៊ាង ដែលជាមេភូមិដូនមាយ ធ្លាប់បានចេញលិខិតបញ្ជាក់ បដិសេធមិនទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិរបស់អាជ្ញាធរស្រុក ដែលចុះហត្ថលេខាឲ្យលោក អ៊ូ សំអាន ផ្ទេរសិទ្ធិឲ្យអ្នកស្រី ហុង ស៊ួន។ លោកបដិសេធបែបនេះ ដោយសំអាងថា កន្លងមកលោកធ្លាប់បានដឹងថា ឈ្មោះ អ៊ូ សំអាន មានដីតែ២កន្លែង ដែលមានទំហំត្រឹមតែជាង២ហិចតា និង១កន្លែងទៀតជាង៣ហិចតា ប៉ុណ្ណោះ ដូចមានក្នុងលិខិតកាន់កាប់លេខ ១២/០១៥ និងលេខ៥៦៨/០៦ មិនមែនដីជាង៧ហិចតានេះទេ។

    សូមបញ្ជាក់ផងដែរថា​ រោងចក្រស៊ីម៉ង់ ខនស៍ ស៊ីមេន បានសិទ្ធិវិនិយោគ ធ្វើអាជីវកម្មលើភ្នំដូនមាយ ក្នុងទំហំដី១,៦១គីឡូមែត្រការេ បានប៉ះពាល់លើផ្ទៃដី ពលរដ្ឋចំនួន១៥៥ក្បាលដី ឬស្មើរនឹង១១៧គ្រួសារ។ តាមប្រភពច្បាស់ការ ចេញពីមូលដ្ឋានមួយបានបញ្ជាក់ថា មានពលរដ្ឋជាច្រើនគ្រួសារ ទទួលបានសំណង ក្នុង១ហិចតា១០០០ទៅ៥០០០ដុល្លា និងគ្រួសារខ្លះទៀតត្រូវបានគេបង្ខំឲ្យយកប្រាក់ត្រឹម១លានរៀល តែប៉ុណ្ណោះ ចំណែកឯគ្រួសារខ្លះ ទទួលបានរហូតដល់១ហិចតា ៥០០០០ដុល្លា ដូចជាលោក អ៊ូ សំអាន ជាដើម។ ក្រុមប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាស់ ក៏ដូចជាអ្នកស្រី សិទ្ធិ ច្រយ រំពឹងទុកថា ថ្នាក់ដឹកនាំនឹងជួយដោះស្រាយ រកយុត្តិធម៌ជូនពួកគាត់ ហើយពួកគាត់ក៏រំពឹងទុកថា បើសិនអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតពីរឿងនេះ ច្បាស់ជាអាចស្វែងរក មន្ត្រីពុករលួយធ្វើបាបពលរដ្ឋជាក់ជាមិនខាន មិនខុសពីរឿងនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះដូចគ្នាទេ៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច




    spot_img

    អត្ថបទទាក់ទង

    spot_img