ទំព័រដើម ទំព័រដើម កោះរ៉ុង ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ និងត្រៀមដាក់ឱ្យដំណើរការ អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

កោះរ៉ុង ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ និងត្រៀមដាក់ឱ្យដំណើរការ អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

- ពាណិជ្ជកម្ម -

ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការអាគារមណ្ឌលសុខភាពក្រុងកោះរ៉ុង និងផ្សព្វផ្សាយការរៀបចំក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុងកោះរ៉ុង លោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមកពីសង្កាត់ទាំងពីរនៃក្រុងកោះរ៉ុង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការដាក់ឱ្យប្រាស់នូវមណ្ឌលសុខ ភាពក្រុងកោះរ៉ុង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង គឺជាការរំកិលសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋ ដោយ សារកន្លងមកនៅពេលមានអ្នកជំងឺ គឺត្រូវដឹកជញ្ជូនមកកាន់ដីគោក ហើយនៅពេលនេះប្រជាពលរដ្ឋអាចមកទទួលសេវា នៅមណ្ឌលសុខភាពនេះបានគ្រប់គ្នា។ ទន្ទឹមនោះឯកឧត្តម ក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវយកចិត្តទុក ដាក់ការទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការផ្តល់សេវាជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការរបស់យើងនៅតំបន់កោះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នៅលើកោះរ៉ុងរបស់យើងមានប៉ុស្តិ៍សុខភាពចំនួនពីររួចហើយ ទីមួយនៅភូមិដើមថ្កូវ និងមួយទៀតនៅភូមិកោះរ៉ុងសន្លឹម ដែលជាការជួយសាងសង់ដោយភ្ញៀវទេសចរបរទេស ហើយសង្ឃឹមថា ក្រុងកោះរ៉ុង មិនមានការប្រឈម និងប្រព័ន្ធសុខាភិបាលទៀតទេ ដូច្នេះចំពោះស្ត្រីឆ្លងទន្លេ អាចមកសម្រាលនៅមណ្ឌលសុខភាពបាន និងពង្រឹងសមត្ថភាពឱ្យមានការវះកាត់តូច បាននៅពេលខាងមុខ ទន្ទឹមនោះយើងក៏ត្រូវបំពាក់នូវឧបករណ៍បន្ថែម ដើម្បីបំរើឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងមានការជឿជាក់ពីប្រជាពលរដ្ឋ មកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពរបស់យើងកាន់តែច្រើន។

ដោយឡែក ចំពោះការរៀបចំក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករបំរើសេវាទេសចរណ៍នៅលើកោះទាំងអស់ ឱ្យត្រៀមលក្ខណ: ជាមុន ដើម្បីទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងបរទេសនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងចក្ខុវិស័យបើកទេសចរណ៍វ៉ាក់សាំងជំហានទីមួយ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ព្រមទាំងតារាសាគរ នៃខេត្តកោះកុង និងបន្តបើកជំហានទីពីរនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០២២ និងបន្តបើកជំហានទីបីនៅទូទាំងប្រទេសតែម្តង។ ទន្ទឹមនោះម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ ទាំងអស់ក្នុងក្រុងកោះរ៉ុង ត្រូវតែចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងចូលរួមអនុវត្តវិធានការ(SOP)របស់ក្រសួងទេសចរណ៍ ប្រកាន់ភ្ជាប់វិធានសុខាភិបាល ពាក់ម៉ាស លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងវិធាន ការ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រកាសបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារមានអាយុ ៥ឆ្នាំ ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ ចំពោះអ្នករស់នៅតំបន់កោះ ក្នុងនោះឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញមកទទួលវ៉ាក់សាំងនៅទីនេះ ព្រោះការចាក់វ៉ាក់សាំងបង្កើតភាពសាំនៅក្នុងខ្លួន ករណីមានការឆ្លងជំងឺកូវីដ គឺមិនធ្ងន់ធ្ងរ និងបង្កហានិភ័យដល់អាយុជីវិត។

ជាមួយគ្នានេះ ឯកឧត្តមអភិបាល ក៏បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលនឹងត្រៀមដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ និងបានបន្ត ដំណើរពិនិត្យប៉ុស្តិ៍សុខភាពនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនរដ្ឋបាលក្រុងកោះរ៉ុងចំនួន ៣លានរៀល និងឧបត្ថម្ភជូនក្រុមគ្រូពេទ្យចំនួន ១០នាក់ ដោយក្នុងម្នាក់ៗ ២០ម៉ឺន៕ដោយ វ៉ាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម