
ប៉ៃលិន៖ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ចុះទៅដល់ទីកន្លែង។ ជាក់ស្តែង នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខា ស្រុកសាលាក្រៅ រួមដំណើដោយសមាជិកសមាជិកា អនុសាខាស្រុក និងមានការចូលរួមសហការពីរអាជ្ញាធរ បានអញ្ជើញជួបសំណេះសំណាលសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហម ជូនគ្រួសារបងប្អូនរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ០៩គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឪកាសនោះដែរ លោកឧកញ៉ា ក៏បានមានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទាំង ៣គ្រួសារ ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែល បានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យខូចខាត រលំផ្ទះ និង របើកដំបូលធ្ងន់ធ្ងរ។
លោកឧកញ៉ាក៏បានបន្តទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយ ដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល។
លោកឧកញ៉ាក៏បានផ្ដាំផ្ញើរបន្តថា សូមអោយបងប្អូនមានការ ប្រុងប្រយ័ត្ន ខ្ពស់ចំពោះ ជំងឺកូវីដ-១៩ ដែលជាមេរោគដ៏កាចសាហាវ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅស្អាត បរិភោគស្អាត ជាពិសេសត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុលជាប្រចាំ។
បញ្ជាក់មានហេតុការណ៍ ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បង្កឲ្យផ្ទុះពលរដ្ឋចំនួន៩ខ្នងផ្ទះរងគ្រោះ ដោយប៉ើងដំបូលនិងខ្លះលិចទឹកផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ