ទំព័រដើម ទំព័រដើម ប៉េអឹមក្រុងប៉ៃលិនម្នាក់ស្លៀកពាក់ស៊ីវិល ឃាត់គោយន្តដឹកបង្គោលរបង ថាពាក់ព័ន្ធបទល្មើសព្រៃឈើ

ប៉េអឹមក្រុងប៉ៃលិនម្នាក់ស្លៀកពាក់ស៊ីវិល ឃាត់គោយន្តដឹកបង្គោលរបង ថាពាក់ព័ន្ធបទល្មើសព្រៃឈើ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ គោយន្តកន្ត្រៃ១គ្រឿងដឹកបង្គោលរបង ប្រហែល១០០ដើម ចេញពីខេត្តសៀមរាប ដើរលក់តាមដេប៉ូនៅស្រុកសំឡូត ខេត្តបាត់ដំបង លុះគេអត់ទិញ ក៍ដឹកហួសមកខេត្តប៉ៃលិន ស្រាប់តែត្រូវអាវុធហត្ថក្រុងម្នាក់ ស្លៀកពាក់ស៊ីវិល ចេញស្ទាក់ចាប់យក ទៅបញ្ជាការដ្ឋានក្រុងប៉ៃលិន ដើម្បីសួរនាំ រកច្បាប់ទម្លាប់ ដោយចោទថាពាក់ព័ន្ធបទល្មើសព្រៃឈើ។

ហេតុការណ៍ប៉េអិមចាប់ឃាត់ គោយន្តកន្ត្រៃដឹកបង្គោលរបងនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទី ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពព័ត៍មានបានឱ្យដឹងថា ម្ចាស់គោយន្តកន្ត្រៃ មានឈ្មោះ សឿ សារៀប អាយុ៤០ឆ្នាំ រស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
បើតាមបុរសឈ្មោះ សឿ សារៀប បានឱ្យដឹងថា កាលពីមុនគាត់ធ្លាប់កាប់ឈើទាំងនេះ នៅក្នុងព្រៃតំបន់របស់ខ្លួន អត់មានការហាមឃាត់អ្វីទេ។ ដើមឈើដែលគាត់កាប់លក់នេះ មានតែដើមខ្លុងបុណ្ណោះ ហើយក៍ដើរលក់គ្រប់ច្រកល្ហក ដោយអ្នកខ្លះទិញយកទៅធ្វើបង្គោលរបង និងធ្វើសសរខ្យុសជាដើម។ ប៉ុន្តែដោយសារបើកបរ ដើរលក់នៅស្រុកបរវិល អត់មានអ្នកទិញ ក៍ដឹកហួសមកលក់នៅខេត្តប៉ៃលិន ស្រាប់តែត្រូវប៉អិមក្រុងប៉ៃលិន ស្ទាក់ចាប់ឃាត់តែម្តង។

គាត់បន្ថែមទៀតថា ការដឹកលក់តាមផ្លូវ ត្រូវបង់ជូនទៅខាងសមត្ថកិច្ចតាមផ្លូវ១ម៉ឺន ទៅ២ម៉ឺនរៀលជាហូរហែ លុះមកដល់ប៉ៃលិន គាត់អត់ដឹងខ្លួនថា មានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែមានប៉េអឹម ពាក់ខោអាវស៊ីវិល មកស្ទាក់ចាប់គោយន្តរបស់ខ្លួន។ គាត់បានបញ្ជាក់ថា ខាងប៉េអឹម ឱ្យទៅសុំលិខិតស្នាម ពីមេភូមិ មកធានាអះអាង ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ចំណែកលោក ហង្ស រ៉ា បញ្ជាការកងរាជអាវុធហត្ថក្រុងប៉ៃលិនបានឱ្យដឹងថា ករណីឃាត់គោយន្តកន្ត្រៃនេះ គឺសង្ស័យថាជាករណីបទល្មើសព្រៃឈើ ដោយគ្មានច្បាប់ត្រឹមត្រូវ។ លោកបន្តទៀតថា ខាងជំនាញនឹងធ្វើការអប់រំ រួចឱ្យដឹកទៅលក់បន្តទៀត៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម