More

    អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងសាលានានា ក្នុងខេត្ត មុនបើកដំណើរការឡើងវិញ

    spot_img

     

    (ខេត្តប៉ៃលិន)៖ ដោយអនុវត្តន៍ តាមអនុសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន លោក ជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត មន្រ្តីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាលខេត្ត យុវជនសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ ចុះពិនិត្យសាលាបឋមសិក្សាបរយ៉ាខា អនុវិទ្យាល័យបរយ៉ាខា អនុវិទ្យាល័យភ្នំយ៉ាត សាលាបឋមសិក្សាប៉ាងរលឹមរតន: អនុវិទ្យាល័យប៉ាងរលឹម និងសាលារៀនផ្សេងៗ មួយចំនួនទៀត នៅក្នុងក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រៀមឱ្យសិស្សានុសិស្សចូលរៀនឆាប់ៗខាងមុខនេះ។

    លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ លោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់ មើលការខុសត្រូវ លើសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន ធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋភិបាល និង ធ្វើតាមការណែនាំនានារបស់ក្រសួងសុខាភិបាល គឺលាងដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យ ចេញលេងជួបជុំគ្នានោះឡើយ ។

    លោកជំទាវអភិបាលខេត្ត បានបន្តថា ៖ ចាប់ពីថ្ងៃបើកឱ្យដំណើរការចូលរៀនសារជាថ្មីឡើងវិញ ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម បើសិនជាលោកគ្រូ អ្នកគ្រូ ឬគណ:គ្រប់គ្រងនៃសាលារៀនណាមួយនៅទូទាំងខេត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយរៀបចំកែច្នៃទីធ្លាសាលារៀន ដែលជាសម្បត្តិរដ្ឋ ឱ្យក្លាយទៅជាកន្លែងមានរបៀបរៀបរយល្អ ជាពិសេសមានសោភ័ណភាព ស្រស់ស្អាតជាងគេ ទទួលបានជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្ត នឹងទទួលបានពានរង្វាន់ពីរដ្ឋបាលខេត្ត ចាប់ពី១០ទៅ២០លានរៀល ។ ហើយបើសាលារៀនលើសពីមួយកន្លែង រៀបចំបានស្អាតបាតល្អដូចៗគ្នា ទទួលបានចំណាត់ថ្នាក់លេខ១ដូចគ្នា បានរង្វាន់ដូចៗគ្នាផងដែរ ។

    លោកជំទាវក៏បានក្រើនរំលឹកថា មិនត្រូវឱ្យអ្នកគ្រប់គ្រងសាលា កាត់ថវិកាពីលោកគ្រូ អ្នកគ្រូ ដើម្បីយកទៅទិញសម្ភារ:សាលារៀននោះឡើយ បើពិតជាខ្វះខាតមែន អាចទាក់ ទងទៅខាងរដ្ឋបាលខេត្ត ចុះពិនិត្យជាក់ស្តែង អាចជួយឧបត្ថម្ភ ទាន់ពេលវេលា ។ លើសពីនេះ ល្គិកណាលោកជំទាវ ជាអភិបាលខេត្ត គឺមិនត្រូវឱ្យគណគ្រប់គ្រង ឬនាយកសាលាណាមួយប្រព្រឹត្តនូវអំពើពុករលួយនោះឡើយ ។

    សូមបញ្ជាក់ផងដែរថា ៖បើតាមរបាយការណ៍ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យ ដឹងថា៖ នៅទូទាំងខេត្តប៉ៃលិន មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួន៥៧ កន្លែង ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួន១២កន្លែង ។

    សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ គឺបើកសាលារៀនមួយចំនួននោះទេ ពោលគឺចាប់ពី មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ ហើយសម្រាប់សាលាដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និង កន្លែងព្យាបាលជំងឺកូវីដ-១៩ នោះអាជ្ញាធរខេត្តប៉ៃលិន ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់ជំនួសនៅមណ្ឌលព្យាបាលផ្សេងវិញ ជាបន្តបន្ទាប់ ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img