ទំព័រដើម ទំព័រដើម ដុតភ្លើងបង្ហុយឃ្មុំអត់ពន្លត់ រាលឆេះចម្ការពលរដ្ឋ រាប់ហិចតា

ដុតភ្លើងបង្ហុយឃ្មុំអត់ពន្លត់ រាលឆេះចម្ការពលរដ្ឋ រាប់ហិចតា

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ ម្ចាស់ចម្ការម្នាក់ស្លុតស្មារតីស្ទើរតែគាំងបេះដូង ខណ:ចម្ការក្រលែកឃើញដំណាំរបស់ខ្លួន ចំនួន២កន្លែង ស្ថិតនៅក្បែរគ្នា ត្រូវបានអគ្គីភ័យ លេបត្របាក់ប៊ិះអស់ទាំងស្រុង ដោយសង្ស័យមានអ្នកដើររកឃ្មុំតាមព្រៃ ដុតភ្លើង អត់ពន្លត់ បណ្តាលឱ្យឆេះរាល រហូតចូលទៅដល់ដំណាំរបស់ខ្លួនអស់ជាច្រើន ខណ:ម្ចាស់ជាប់រវល់ធ្វើការនៅកន្លែងផ្សេង អត់មានអ្នកនៅចាំមើល ក៏រាលឆេះផ្អើលដល់រថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍តែម្តង។

ហេតុការណ៍ភ្លើងឆេះដំណាំក្នុងចម្ការនេះ កើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃព្រហស្បតិ៍ត ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៩ ស្ថិតនៅចំណុចទួលរំដេង ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ម្ចាស់ចម្ការ មានឈ្មោះ លឹម សុខនីម ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយត្រូវភ្លើងឆេះរាល បណ្តាលឱ្យឆេះខូចខាតដំណាំដូចជា៖ ឆេះតាង៉ែនអស់ចំនួន៤០០ដើម ដំណាំស្វាយចំនួន២០០ដើម ដើមដូងចំនួន៥៥ដើម និងដើមចេកចំនួន៦០គុម្ព។

ប្រភពបន្តទៀតថា ភ្លើងបន្តរាលឆេះ ដល់ដំណាំរបស់ខ្លួននៅកន្លែងក្បែរគ្នាមួយចម្ការទៀត ស្ថិតនៅក្បែរបន្ទាយអូរអែម ក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បណ្តាលឱ្យរងការខូចខាតដូចជា ៖ ដំណាំចេក អស់ចំនួន២៥០ដើម ដំណាំត្រប់អស់ចំនួន៤០ម៉ែត្របួនជ្រុង។

ប្រភពបញ្ចាក់ទៀតថា ក្រោយពីបានទទួលបានដំណឹងពីម្ចាស់ចម្ការភ្លាម កម្លាំងនគរបាលប៉ុស្តិ៍បរយ៉ាខា កម្លាំងអធិការនគរបាលក្រុងប៉ៃលិន និងកម្លាំងនគរបាល ស្នងការខេត្ត បានចុះទៅជួយអន្តរាគមន៍ ដោយប្រើប្រាសរថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង។

សូមបញ្ជាក់ថា៖ នៅក្នុងចម្ការខាងលើ មានពេញទៅដោយស្មៅងាប់ៗ ជាច្រើន ដោយម្ចាស់បាញ់ថ្នាំស្មៅកាលពីថ្មីៗកន្លងទៅ លុះភ្លើងឆេះនៅក្នុងព្រៃ ក្បែរចម្ការ ក៏បណ្តាលឱ្យរាលឆេះចូលដល់ក្នុងចម្ការ យ៉ាងលឿនតែម្តង ស្ទើរតែពន្លត់មិនទាន់នោះឡើយ។ តែសំណាងល្អ រោងចាំចម្ការនៅក្បែរនោះ មិនត្រូវបានភ្លើងឆេះដល់នោះទេ ក្រោយពីមានរថយន្តពន្លត់អគ្គីភ័យចុះទៅជួយទាន់ពេល៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម