More

    សាខាកាកបាទក្រហមប៉ៃលិន ប្រគេនទេយ្យទាន និងស្បៀង ជូនវត្តដាច់ស្រយាល

    spot_img

    ប៉ៃលិន៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខាខេត្ត មន្រ្តីប្រតិបត្តិសាខា អនុគណ:កម្មាធិការសាខាក្រុងប៉ៃលិន យុវជនស័្មគ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីយុវជន ស.ស.យ.ក. ខេត្ត នាំយកទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ ប្រគេនថ្វាយព្រះសង្ឃដែលខ្វះខាតចង្ហាន់នៅវត្តភ្នំដំបងមង្គល ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីដោះស្រាយការលំបាកក្នុងគ្រាវិបត្តិជំងឺកូវីដ១៩។

    ឆ្លៀតក្នុងនាឱកាសនោះ លោកជំទាវតំណាងរាស្រ្ត បាននាំបណ្តាំផ្ញើការសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តប៉ៃលិន ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។

    លោកជំទាវបានមានប្រសាសន៍បន្តថា ដោយបច្ចុប្បន្នពិភពលោករបស់យើងកំពុងជួបវិបត្តិការរីករាលដាលជំងឺកូវីដ១៩ បណ្តាលឱ្យប្រទេសភាគច្រើនលើពិភពលោកបានប្រកាសបិតប្រទេស ដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ ដែលជាកត្តានាំឱ្យប្រជាពលរដ្ឋជួបវិបត្តិក្នុងជីវភាពរស់នៅ យ៉ាងណាមិញប្រជាពលរដ្ឋកម្ពុជារបស់យើងក៏ដូចគ្នា បានជួបការលំបាកក្នុងជីវភាពរស់ តែដោយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនៅវិធានការចាំបាច់នានា ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងវិបត្តិជំងឺកូវីដ១៩នេះ ដោយមិនទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយដាច់ស្បៀងឡើយ។

    ម្យ៉ាងវិញទៀតលោកជំទាវ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយបន្តរស់នៅស្អាតកុំធ្វេសប្រហែស បន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិរយ:ពេល១៤ថ្ងៃសិន បើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ទំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យ ធ្វើការពិព្យាបាលជំងឺជូនផងដែរ។

    ទេយ្យទាន និងស្បៀងនាពេលនេះរួមមាន: គ្រឿងឧបភោគ បរិភោគ គ្រឿងទេស ភេសជ្ជ: សាប៊ូ ម៉ាស់ និងទឹកអាល់កុល ព្រមទាំងបច័យប្រគេនព្រះសង្ឃ និងថវិកាមួយចំនួនដំកល់ទុកផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img