
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោក គង់ សោភា អភិបាលរងក្រុង និងជាអនុប្រធាន ស.ស.យ.ក ក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារចុះជួយសម្របសម្រួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនក្មេងៗនិងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ដោយសង្កេតឱ្យឃើញថាក្នុងនោះមានប្រជាពលរដ្ឋជាមាតាបិតា រួមទាំងអាណាព្យាបាលកុមារ និងយុវវ័យ បាននាំកូនចៅមកយ៉ាងច្រើនកុះករទទួលយកការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ។
នាឱកាសនោះផងដែរ លោក អភិបាលរងក្រុង ក៏បានឱ្យដឹងថាយុទ្ធនាការចាក់វ៉ាក់សាំងខាងលើនេះ ក្នុងការសង្កេតមើលឃើញថាមាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយ បានបង្ហាញពីភាពកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាជន ហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់អ្វីទាំងអស់ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងឱ្យទទួលបានការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានគ្រប់ៗគ្នា ហើយមកដល់ពេលនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្វែងរកវ៉ាក់សាំងចាក់ជូនដល់ក្មេងៗ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ ចាក់ជូនដោយមិនគិតថ្លៃ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។
ជាមួយគ្នានោះលោកអភិបាលរងក្រុងក៏ បានអំពានាវដល់មាតាបិតា និងអាណាព្យាបាលរបស់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ ហើយទន្ទឹមនេះលោក គង់ សោភា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ចប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុវត្តគោលការណ៍អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន (៣.ការពារ ៣.កុំ) ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕ដោយ វាន់នី