More

    ប្រជាពលរដ្ឋសំណូមពរឲ្យ អាជ្ញាធរជួយបញ្ចប់ទំនាស់ដីធ្លី ខណៈជនបរទេសម្នាក់ប្តឹង ពួកគាត់ជាង២ឆ្នាំហើយមិនទាន់ចប់

    spot_img

    កំពត៖ រឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ ស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បានកើតឡើងជាយូមកហើយ ខណៈជនបរទេសម្នាក់ ប្តឹងប្រជាពលរដ្ឋ៦គ្រួសារទៅតុលាការ ហើយពេលតុលាការសម្រេចហើយ នៅមិនទាន់ចប់ដដែល។

    ប្រជាពលរដ្ឋដែលមានទំនាស់ ចំនួន៦គ្រួសារ បានឲ្យដឹងថា ដីរបស់ពួកគាត់ដែលកំពុងមានទំនាស់ សរុបមានចំនួនជាង៨ហិចតា ដែលដីនេះពួកគាត់បានកាន់កាប់ និងអាស្រ័យផលជាយូមកហើយ ក៏ប៉ុន្តែបែរជាមានជនបរទេសម្នាក់ មកដណ្តើមទាមទារ និងប្តឹងពួកគាត់ទៅតុលាការជាបន្តបន្ទាប់ ដោយអះអាងថាជាដីរបស់ខ្លួនបានទិញ ធ្វើឲ្យពួកគាត់ប្រឈមមុខនឹងការដោះស្រាយ តាមបណ្តឹង និងចំណាយពេលជាច្រើន ក្នុងការតវ៉ា។


    ប្រជាពលរដ្ឋដដែលបានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នា បានក្លាយទៅជាចុងចោទ របស់ជនបរទេសម្នាក់ឈ្មោះ ឌឺកៃស្ទែល សង់អ៊ីវ ដោយជនបរទេសខាងលើ បានប្តឹងពួកគាត់ទៅតុលាការ តាំងពីសាលាដំបូងខេត្ត រហូតឡើងដល់តុលាការកំពូល ហើយតុលាការបានសម្រេចលើកលែង ការចោទប្រកាន់លើពួកគាត់ហើយ ក៏នៅតែមិនទាន់ចប់ដដែល ដោយសារលោក ឌឺកៃស្ទែល សង់អ៊ីវ នៅតែទាមទារ ដោយមិនព្រមបញ្ចប់សោះ។

    ប្រជាពលរដ្ឋដែលជាភាគ្គីទំនាស់ជាមួយលោក ឌឺកៃស្ទែល សង់អ៊ីវ បានសំណូមពរឲ្យអាជ្ញាធរខេត្តកំពត ជួយសម្របសម្រួល និងបញ្ចប់ទំនាស់នេះឲ្យពួកគាត់ឲ្យបានឆាប់ ដើម្បីឲ្យជនបរទេសខាងលើ ឈប់មកតាមរករឿង និងដណ្តើមដីជាមួយពួកគាត់តទៅទៀត ព្រោះថាជនបរទេសនេះ មិនមែនជាអ្នកទិញដីនៅកន្លែងនេះឡើយ ហើយគ្មានឯកសារត្រឹមត្រូវនោះទេ គឺមានតែឯកសារថតចម្លងទាំងអស់ ម្យ៉ាងទៀតទំហំដីដែលជនបរទេសនេះប្តឹងទាមទារ ក៏មានទំហំមិនដូចគ្នាដែរ ចំពោះទីតាំងដីដែលប្តឹងទាមទារ ក៏មិនដូចគ្នាថែមទៀត ក្រុមប្រជាពលរដ្ឋ បានចាត់ទុកថា ការមកដណ្តើមដី និងប្តឹងប្រជាពលរដ្ឋនេះ គឺជាការធ្វើទាំងមិនច្បាស់លាស់។


    ចំណែកលោក ឌឺកៃស្ទែល សង់អ៊ីវ ដែលជាដើមបណ្តឹងរបស់ប្រជាពលរដ្ឋ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា លោកគឺជាជនបរទេស តែលោកមានសញ្ជាតិខ្មែរ ហើយដីខាងលើនេះ ជាដីមិត្តភ័ក្តរបស់លោក ដែលមានឯកសារត្រឹមត្រូវ តែមិត្តភ័ក្តរបស់លោកមិនបានមកទាមទារផ្ទាល់នោះទេ គឺលោកជាអ្នកទាមទារជំនួស។

    ចំពោះរឿងចម្រូងចម្រះដីធ្លីនេះដែរ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មការចម្រុះ ដែលដឹកនាំដោយលោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ បានចុះវាស់វែងឡើងវិញ ដើម្បីកំណត់និយាមការក្បាលដី ទៅតាមបណ្តឹងរបស់លោក ឌឺកៃស្ទែល សង់អ៊ីវ។ តែយ៉ាងណាក៏ដោយ ការអនុវត្តន៍របស់គណៈកម្មការចម្រុះនាពេលនេះ ត្រូវបានភាគ្គីខាងប្រជាពលរដ្ឋ ដែលអាស្រ័យផលលើដីខាងលើ បានរារាំងជំទាស់ដោយលាយឡំមេឃភ្លៀងមួយប្រាវ មន្ត្រីជំនាញក៏ត្រលប់ទៅវិញអស់។

    រហូតមកដល់ពេលនេះ ក្រុមប្រជាពលរដ្ឋដែលជួបបញ្ហាទំនាស់ដីធ្លី ដ៏ចម្រូងចម្រាសជាមួយជនបរទេសនេះ បានសំណូមពរ ឲ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយ បញ្ចប់ឲ្យបានឆាប់ទៅតាមគោលការណ៍ច្បាប់ ឲ្យបានតម្លាភាព ដើម្បីបញ្ចប់រឿង និងឈានទៅរកការចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ កុំឲ្យមានការប្តឹងជំទាស់ ឬដណ្តើមកាន់កាប់ ដូចករណីនេះបន្តទៀត ព្រោះថាពួកគាត់ម្នាក់ៗ បានចំណាយពេលច្រើនណាស់ហើយជាមួយតុលាការ ក្នុងការឆ្លើយតបតាមបណ្តឹងចោទប្រកាន់ ភាគ្គីម្ខាងទៀត៕ រូបភាព និងអត្ថបទ៖ fk news

    spot_img

    អត្ថបទទាក់ទង

    spot_img