កោះកុង៖ អាជីវករ និងអ្នកលក់ដូរជុំវិញផ្សារដងទង់ប្រមាណជិត៤០០នាក់ បានចូលរួមយកសំណាកជាមួយមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីធ្វើតេស្តរហ័សស្វែងរកវីរុសកូវីដ-១៩ ខណៈអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងការទិញលក់មានច្រើននាក់ ។
មន្ត្រីជំនាញសុខាភិបាល បានលើកឡើងថា រយះពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ ជំនាញសុខាភិបាលបានយកសំណាកលើអាជីវករ អ្នក លក់ដូរជុំវិញផ្សារដងទង់ និងពលរដ្ឋ សរុបចំនួន៣៥៩នាក់ (ស្រី២៣១នាក់) ជាលទ្ធផលជំនាញបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន៨នាក់ (ស្រី៤នាក់) ដោយក្នុងនោះមាន៤នាក់ មិនមែនជាអាជីវករលក់ដូរក្នុងផ្សារដងទង់ទេ ។
ប្រភពបានអោយដឹងទៀតថា ចំពោះអ្នកជំងឺ ដែលបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩កំរិរស្រាល (ស៊ូន នឹង ) ចំនួន៦នាក់ និងបញ្ជូនទៅកាន់មណ្ឌលព្យាបាល កំរិតស្រាល(វិទ្យាល័យកោះកុង) ចំនួន២នាក់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសុខាភិបាល បានធ្វើតេស្តរហ័សស្វែងរកកូវីដ-១៩ លើក្រុមអាជី វករលក់ដូរក្នុងផ្សារដងទង់ ជាលទ្ធផលជំនាញបានរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ប្រមាណជិត១០០នាក់ ទើបអាជ្ញាធរខេត្តកោះកុង សម្រេចធ្វើការបិទផ្សារដងទង់ជាបណ្តោះអាសន្ន ចាប់តាំងម៉ោង០០នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ រហូតមកបច្ចុប្បន្ន ៕ ដោយសុគន្ធី