ភ្នំពេញ៖ ជនសង្ស័យមួយក្រុមដែលមានបក្ខពួកប្រម៉ាណ ៣ទៅ៤នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ជួលលួច យកម៉ូតូហុងដាឌ្រីស៊េរីឆ្នាំ២០១៩មួយគ្រឿង បានសម្រេចប្រឹងជិះគេចខ្លួន តែត្រូវបានប្រទះជាមួយកម្លាំង សមត្ថកិចខណ្ឌមានជ័យល្បាត បានផ្តួលម៉ូតូរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០ នៅបន្ទប់ជួលមួយកន្លែងគ្មានលេខ ដែលស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ស្រ្តីម្នាក់ដែលស្នាក់នៅបន្ទប់ជួលនឹងជាម្ចាស់ម៉ូតូ បានរៀបរាប់ទាំងភ័យផងអរផងថា ខ្លួនមានឈ្មោះ សួន សុខគៀង អាយុ៣៥ឆ្នាំ មុខរបរចុងភៅ ស្នាក់បន្ទប់ជួលខាងលើ ដែលស្ថិត នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ស្រ្តីខាងលើបានបន្តទៀតថា មុនពេលកើតហេតុ នៅក្នុងបន្ទប់មានក្មេងៗ២~៣នាក់រួមនឹងខ្លួនផងដែរ បានសម្រាកលង់លក់ ក្នុងដំណេកយ៉ាងស្រួលដូចសព្វដង ប៉ុន្តែទ្វារមិនបានចាក់សោរទេ គ្រាន់តែចាក់កន្លឹះតែប៉ុណ្ណោះ ចំណែកឯម៉ូតូត្រូវបានដាក់ក្បែរគ្រែដូចសព្វដង រីឯលុយចំនួនជាង១៣០០ដុល្លារ បានទុកក្នុងកញ្ចប់ថង់លើក្បាលដំណេក។ គាត់បានបន្តទៀតថា មិនដឹងថាជនសង្ស័យទាំងនោះ ធ្វើសកម្មភាពឆ្កឹះសោរចូលក្នុង បន្ទប់តាំងពីពេលណាទេ ស្រាប់តែឃើញទ្វារចំហរ រីឯម៉ូតូបានបាត់ រួមទាំងលុយផងដែរ ទើបមានការភ្ញាក់ផ្អើលឆោរឡោរួច ក៍បានរាយការជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយសមត្ថកិច្ចទទួលបានព័ត៌មានភ្លាមៗ កម្លាំងល្បាតនគរបាលខណ្ឌមានជ័យ សហការជាមួយ នគរបាលមូលដ្ឋានធ្វើការចុះអន្តគមន៍ ល្បាតគ្រប់ច្រកល្ហក ក៏បានប្រះទះឃើញម៉ូតូដែលជនសង្ស័យជិះគេចពីសមត្ថកិច្ច រួចក៏ផ្តួលម៉ូតូចោលនៅក្បែរ គំនរសម្រាមរត់គេចខ្លួនបាត់ស្រមោល។
ទោះយ៉ាងណាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ហើយលុយដុល្លារ ដែលបាត់មានចំនួន១៣០០ដុល្លារ ចំណែកម៉ូតូសមត្ថកិច្ច បានប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្នសមត្ថកិច្ចនៅបន្តស្រាវជ្រាវ កំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល