More

    ផ្ទះពលរដ្ឋជិត 50 ខ្នងនៅស្រុកចំនួន២ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានបំផ្លាញដោយខ្យល់កន្ត្រាក់

    spot_img

    កំពង់ស្ពឺ៖​ ស្រុកចំនួន២គឺ​ ស្រុកគងពិសី​ និងស្រុកបសេដ្ឋនៃខេត្តកំពង់ស្ពឺ​ បានរងនូវឥទ្ធិពលខ្យល់កន្ត្រាក់​ កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងឃុំចំនួន៧​ ត្រូវរលំបាក់រាបដល់ដី ប៉ើងដំបូល និងរបើកជញ្ជាំង ខូចខាតធ្ងន់ស្រាល និងមធ្យម។

    អាជ្ញាធរស្រុក បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២១​ ថា​ សម្រាប់ស្រុកគងពិសី មានភូមិចំនួន៨​ នៃឃុំចំនួន​ ៣​ បានរងឥទ្ធិពលខ្យល់កន្ត្រាក់​ ហើយបានធ្វើឱ្យផ្ទះចំនួន​ ១៥ខ្នង​ ដែលសង់ពីឈើ​ ប្រក់ស័ង្កសីរងការដួលរលំ ប៉ើងដំបូលខូចខាតធ្ងន់ស្រាល។​ ក្នុងនោះ មានឃុំព្រៃវិហារបានប៉ះពាល់ផ្ទះចំនួន​ ៨ខ្នង ឃុំស្នំក្រពើ ចំនួន​ ៥ខ្នង និងឃុំជង្រុកចំនួន​ ២ខ្នង។​

    ដោយឡែកស្រុកបសេដ្ឋ​ បានរងឥទ្ធិពលខ្យល់កន្ត្រាក់ដូចគ្នាដែរ​ បានធ្វើឱ្យរលំផ្ទះ និងរបើកដំបូលផ្ទះចំនួន ៣៣ខ្នង ក្នុងនោះធ្ងន់ចំនួន ១២ខ្នង និងមធ្យមចំនួន ២១ខ្នង ស្ថិតក្នុងឃុំចំនួន​ ៤​ ដែលមានឃុំកក់ ធ្ងន់ចំនួន ១ខ្នង និងមធ្យមចំនួន​ ៨ខ្នង​ ឃុំទួលអំពិល ធ្ងន់ចំនួន​ ៦ខ្នង និងមធ្យមចំនួន​ ១១ខ្នង ឃុំព្រះខែ ធ្ងន់ចំនួន ៥ខ្នង និងឃុំភារីមានជ័យ មធ្យមចំនួន​២ខ្នង។

    ចំពោះករណីខ្យល់កន្ត្រាក់នេះដែរ​ អាជ្ញាធរបានបញ្ជាក់ឱ្យដឹងថា ខ្យល់ពិតជាបោកបក់មានភាពកាចសាហាវ​ ដែលធ្វើឱ្យផ្ទះខ្លះត្រូវបានរលំបាក់រាបដល់ដី ដើមឈើដួលរលំលើ និងលើកផ្ទះចេញពីជើងតាង ជាដើម​ តែមិនបង្ករឱ្យមានការប៉ះពាល់​ និងគ្រោះថ្នាក់ដល់មនុស្ស សត្វ ទេ។

    ចំពោះបញ្ហានេះ​ អាជ្ញាធរស្រុកបានអំពាវនាវឱ្យប្រជារដ្ឋពលដែលកំពុងរស់នៅក្នុងស្រុកទាំង២នេះ បន្តបង្កើនការប្រុងប្រយត្ន័ទ្វេរដងថែមទៀត​ ចំពោះករណីខ្យល់កន្ត្រាក់ដែលនឹងកើតមានឡើងដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ៕អត្ថបទដោយ តារា

     

    spot_img

    អត្ថបទទាក់ទង

    spot_img