More

    លោកជំទាវអភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភថវិកា និងទាំងចាក់វ៉ាក់សាំង ជូនលោកយាយអាយុ១០៥ឆ្នាំ

    spot_img

    (ប៉ៃលិន) ៖ លោកយាយវ័យចំណាស់ម្នាក់អាយុ១០៥ឆ្នាំ ដែលគេចាត់ទុកថា ជាស្រ្តី១រូប មានអាយុច្រើនជាងគេនៅក្នុងខេត្តប៉ៃលិន និង នៅក្នុងប្រទេសកម្ពុជា បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់និងទទួលបានការឧបត្ថម្ភថវិការមួយចំនួនពីលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនថែមទៀត។

    ក្រោយពេល ដែលលោកគ្រូពេទ្យបានពិនិត្យសុខភាពគាត់យ៉ាងយកចិត្តទុកដាក់ ព្រោះអាយុកាន់តែច្រើន សុខភាពកាន់តែទ្រុឌទ្រោម លុះក្រោយពេលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩រួច ក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះនោះទេ ដោយបានជួយចាក់ថ្នាំកម្លាំង និងព្យួរសេរ៉ូម១កំប្លោក ដើម្បីជាជំនួយកម្លាំងបន្ថែមទៀត ដល់លោកយាយកុំឱ្យមានការហេវហត់អស់កម្លាំងខ្លាំងជាងមុន ។

    ប្រភពព័ត៌មានបានឱ្យដឹងថា ៖ លោកយាយចំណាស់ខាងលើ មាន ឈ្មោះស៉ឹមស៊ាន អាយុ១០៥ឆ្នាំ រស់នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានមកទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងមណ្ឌលសុខភាពភ្នំព្រាល ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។

    ប្រភពបន្តទៀតថា លោកជំទាវ ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងទូទាំងខេត្តប៉ៃលិន ពេលទៅដល់កន្លែងមណ្ឌលសុខភាពខាងលើ ស្រាប់តែឃើញលោកយាយចំណាស់ម្នាក់ កំពុងសម្រាកនៅលើគ្រែព្យួរសេរ៉ូមកម្លាំង ។ ពេល នោះលោកជំទាវអភិបាលខេត្តក៏បានសួរសុខទុក្ខដល់លោកយាយ ដោយគ្រាន់តែឮសម្លេងភ្លាម គាត់មានការរំភើបរីករាយយ៉ាងខ្លាំង ក៏ចាប់ដៃលោកជំទាវនិយាយលេងដូចកូន និងម្តាយ ។

    តែមើលទៅសភាពរបស់គាត់គឺនៅរឹងមាំល្អ មិនទាន់មានការវង្វេងដូចមនុស្សចាស់ផ្សេងទៀតនៅឡើយទេ ព្រោះគាត់នៅចាំឈ្មោះ និងអាចនិយាយឆ្លងឆ្លើយលេងសើចយ៉ាងសប្បាយគួរឱ្យកោតសរសើរ ។ តែអ្វីដែលគាត់ មិនភ្លេចនោះ គឺសុំថវិកាពីលោកជំទាវអភិបាលខេត្ត ដើម្បីយកទៅទិញម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ជីវភាព ។

    តែទោះបីជាយ៉ាងណា ដោយចិត្តធ្វើបុណ្យទាន និងសទ្ធាជ្រះថ្លា លោកជំទាវ ក៏បានឱ្យក្រុមការងាររៀបចំថវិកាមួយចំនួនជូនដល់លោកយាយភ្លាមៗ ហើយក៏ទទួលបានអង្ករ១ការ៉ុងពីក្រុមការងារ ជូនដល់លោកយាយបន្ថែមទៀតផង ។

    លោកយាយ ស៉ឹមស៊ាន អាយុ១០៥ឆ្នាំ មិនភ្លេចជូនពរដល់លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន ឱ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ហើយទទួលបានជោគជ័យក្នុងការងារគ្រប់ភារកិច្ច ជាពិសេសលោកយាយក៏សូមជូនពរឱ្យលោកជំទាវ និងក្រុមការងារមានអាយុវែងដូចជាគាត់ដែរ ។

    លើសពីនេះលោកយាយ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ។

    លោកយាយក៏ជូនពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានសុខភាពល្អ មានកម្លាំងពលំមាំមួន អាយុយឺនយូរ មានប្រាជ្ញាឈ្លាសវៃក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿនលឿនទៅមុខជាដរាប ។

    សូមបញ្ជាក់ថា ៖ លោកយាយ ស៉ឺមស៊ាន ក៏ទទួលបានមូលនិធិចាស់ជរាពីលោកជំទាវអភិបាល ខេត្តប៉ៃលិន ជារៀងរាល់ខែដែរ គឺក្នុង១ខែចំនួន១០ម៉ឺនរៀល៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img