More

    អាជីវកររាប់រយនាក់ នៅផ្សារបឹងឈូក​​ ផ្ទុះការតវ៉ាទាមទារអោយ អាជ្ញាធរខេត្តជួយដោះស្រាយអោយពួកគាត់បានលក់ដូរនៅកន្លែងដដែលផង

    spot_img


    ក្រោយពី រដ្ឋបាលខេត្តបាត់ដំបងចេញលិខិតអញ្ជើញតំណាងអាជីវករលក់ដូរលើផ្លូវបេតុងជុំវិញផ្សារបឹងឈូកមកប្រជុំ ផ្សព្វផ្សាយអំពីការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ពួកគាត់ជាបន្តបន្ទាប់ ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតំបន់ផ្សារ ធ្វើអោយពួកគាត់មានការមិនពេញចិត្ត បាននាំគ្នាផ្ទះការតវ៉ាទាមទារអោយអាជ្ញាធរខេត្តជួយរកដំណោះស្រាយ។

    ជាមួយការប្រមូលផ្តុំផ្ទុះតវ៉ារបស់បងប្អូនអាជីវករផ្សារបឹងឈូកនេះដែរ ធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណខាងមុខសាលាខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងគោលបំណងដើម្បីស្នើអោយអភិបាលខេត្តជួយដោះស្រាយអោយពួកគាត់បានលក់ដូរនៅទីតាំងក្នុងផ្សារបឹងឈូកដដែល ព្រោះប៉ុន្មានថ្ងៃកន្លងមកនេះខាងរដ្ឋបាលខេត្តបានចេញលិខិតអោយពួកគាត់ផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនទៅលក់នៅទីផ្សារផ្សេង ខណៈដែលពួកគាត់អ្នកខ្លះធ្លាប់លក់ដូរនៅទីនោះជាង១០ឆ្នាំ និងអ្នកខ្លះជាង២០ឆ្នាំមកហើយ តាំងតែពីកកើតផ្សារនេះឡើងមកម្លេះ។

    ក្រោយពីមានការប្រមូលផ្ដុំមនុស្សរាប់រយនាក់ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានលើកឡើងថា វាមិនមានរឿងអីគួរអោយចំឡែក គួរអោយចាប់អារម្មណ៍នោះទេ ក្រៅអំពីមានការវិវាទគ្នារវាងអ្នកលក់នៅលើផ្លូវ និងអ្នកលក់នៅខាងមុខផ្ទះ ទើបមានការប្តឹងមកដល់សាលាខេត្ត ហើយខាងសាលាខេត្តបានអញ្ជើញពួកគាត់មកជជែកគ្នាអំពីបញ្ហាមិនអោយលក់ ប៉ុន្តែកិច្ចប្រជុំកាលពីម្សិលមិញនេះខាងផ្ទះល្វែងគាត់ទទួលយកសំណើ ប៉ុន្តែខាងអ្នកលក់កណ្តាលផ្លូវនោះគាត់មិនព្រមទទួល ទើបថ្ងៃនេះគាត់នាំគ្នាមកសាលាខេត្ត។

    លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា ដោយបានឃើញសភាពបែបនេះ លោកក៏បានសំណូមពរទៅដល់បងប្អូនជាអាជីវករលក់ដូរនៅផ្សារបឹងឈូកទាំងអស់ អោយវិលត្រឡប់ទៅកាន់កន្លែងដើមវិញសិនរងចាំលទ្ធផលដែល គណៈកម្មការធ្វើការដោះស្រាយដោយអញ្ជើញតំណាងពួកគាត់ចំនួន១០រូប បើបងប្អូននៅតែមកជុំគ្នាអញ្ចឹងលោកមានការបារម្ភមួយ រឿងលក់រឿងដូរវាអត់សំខាន់ទេ សំខាន់បញ្ហាការរីករាលដាលនៃជំងឺកូវីដ តែបើសិនបងប្អូនពុកម៉ែនៅបន្តជួបជុំ បងប្អូនពុកម៉ែនិងមានការរីករាលដាលនៃជំងឺកូវីដហើយ ដូច្នេះការលក់ដូរ សូមអោយលក់ដូរនៅកន្លែងណាអោយស្ងប់អារម្មណ៍កន្លែងនឹងសិនរងចាំវិធីដោះស្រាយ វិធីសាស្ត្រគ្មានជម្រើសទេបើមានការមកជួបជុំគ្នាច្រើននេះ៕ដោយ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img