More

    ពលរដ្ឋជាច្រើនគ្រួសារសុំណូមពរដល់លោកស្រីអភិបាលរងខេត្តឲ្យបើកផ្លូវឡើងវិញតាមការសន្យា

    spot_img

    (ប៉ៃលិន) ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មានស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានគេស្គាល់ថា ជាអភិបាលរងខេត្តប៉ៃលិន បានបញ្ជាឱ្យកូនចៅ យកបង្គោលរបងស៊ីម៉ង់តិ៍ទៅហ៊ុព័ទ្ធបិទផ្លូវចេញ-ចូលក្នុងដីឡូតិ៍មួយកន្លែង មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលទិញដីកន្លែងនោះ ធ្វើដំណើរចេញចូលទៅមកបាននោះទេ ដោយគាត់អះអាងថា បិទផ្លូវត្រង់កន្លែងដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះគាត់ខឹងនឹងអ្នកលួចធ្វើផ្លូវ ដោយគ្មានការអនុញ្ញាត ខណ:គាត់ចរចាដោះដូរដីឱ្យធ្វើផ្លូវត្រឹមតែ៣ម៉ែត្រ លុះពេលឈូសឆាយបែរជាធ្វើលើសរហូតដល់៦ម៉ែត្រ គឺចូលទៅក្នុងដីរបស់ខ្លួន លុះខឹងខ្លាំងពេក ក៏បិទផ្លូវជិតឈឹងតែម្តង ។

    ហេតុការណ៍ប្រជាពលរដ្ឋ និង មហាជនរិះគន់ទៅលើការបង្គោលរបងស៊ីម៉ង់តិ៍ទៅហ៊ុបិទផ្លូវចេញចូលក្នុងដីឡូតិ៍នេះ បានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅ ស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយគាត់បានហ៊ុព័ទ្ធរបងនេះ អស់រយ:ពេល៣ទៅ៤ថ្ងៃកន្លងមកហើយ ។

    ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អភិបាលរងខេត្តខាងលើមានឈ្មោះ ជា លាភ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

    ប្រជាពលរដ្ឋរស់នៅក្នុងដីឡូតិ៍ខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ ពួកគាត់ពិតជាមានការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីខ្លួនបានទិញដី ម្នាក់១ឡូតិ៍ អ្នកខ្លះ២ឡូតិ៍ ដើម្បីសង់ផ្ទះស្នាក់នៅ លុះពេលឃើញមានគេឈូសឆាយធ្វើផ្លូវចេញចូលក្នុងដីឡូតិ៍របស់ខ្លួនថែមទៀត កាលពី៣ទៅ៤ខែមុន រិតតែនាំគ្នាសប្បាយចិត្តយ៉ាងខ្លាំង ។ ផ្លូវចេញចូលក្នុងដីឡូតិ៍ខាងលើ ពិតជាបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់ ព្រោះខាងមុខក៏មានផ្លូវ រីឯខាងក្រោយជាប់នឹងផ្លូវក្រវ៉ាត់ ក្រុងក៏មានផ្លូវ អាចបើកបរម៉ូតូ និងរថយន្តចេញចូល យ៉ាងងាយស្រួល ។ ប៉ុន្តែមិនដឹងជាយ៉ាងណា ស្រាប់តែប៉ុន្មានថ្ងៃកន្លងទៅនេះ អភិបាលរងខេត្តម្នាក់ បានបញ្ជាឱ្យកូនចៅយកបង្គោលស៊ីម៉ង់តិ៍ទៅហ៊ុព័ទ្ធបិទផ្លូវជិត ដោយអះអាងថា ជាដីរបស់ខ្លួន ហើយក៏ធ្វើឱ្យពួកគាត់មានការស្រង៉ាកចិត្តយ៉ាងខ្លាំង បើដឹងបែបនេះមិននាំគ្នា ទិញដីសង់ផ្ទះស្នាក់នៅនោះទេ ។

    ពួកគាត់ ក៏សូមអំពាវនាវឱ្យអាជ្ញាធរខេត្ត ជួយដោះស្រាយបើកផ្លូវឱ្យ ពួកគាត់ចេញ-ចូលតាមផ្លូវខាងលើនេះ ឡើងវិញផង ព្រោះបើគ្មានផ្លូវប្រៀបបាននឹងជាប់គុកតែម្តង ។

    ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះថា ៖ គាត់យកបង្គោលស៊ីម៉ង់តិ៍ទៅធ្វើរបងបិទផ្លូវចេញចូល ក្នុងដីឡូតិ៍របស់ខ្លួនប៉ុណ្ណោះ មិនមែនបិទផ្លូវសាធារណនោះទេ ព្រោះអ្នកដែលយកគ្រឿងចក្រទៅឈូសឆាយធ្វើផ្លូវនេះ មិនបានប្រាប់គាត់ឱ្យដឹងមុននោះទេ ដោយគេនាំគ្នាធ្វើលើសពីកិច្ចព្រមព្រៀងគ្នា ។ ពីមុនគេសុំដោះដូរដីផ្នែកខាងក្រោយ យកដីគាត់ផ្នែកខាងមុខធ្វើផ្លូវ ដែលមានទទឹងប្រវែង៣ម៉ែត្រប៉ុណ្ណោះ លុះក្រោយមក ក៏លួចឈូសធ្វើលើសរហូត៣ម៉ែត្រទៀត គឺចូលទៅក្នុងដីរបស់ខ្លួនអស់ច្រើន ដូច្នេះទើបឱ្យកូនចៅបិទផ្លូវតែម្តង មិនពាក់ព័ន្ធអ្វីនឹងអ្នកសារព័ត៌មាននោះទេ បើសិនជាចុះផ្សាយគាត់នឹងប្តឹងហើយ ។

    ចំណែកលោក ជាន ហៃ មេភូមិសួនអំពៅកើត បានឱ្យដឹងដែរថា ៖ អភិបាលរងខេត្តប៉ៃលិន ជាម្ចាស់ដីខាងលើនេះ បានប្តូរដីនឹងអ្នកផ្សេងទៀត ដោយគាត់ឱ្យផ្នែកខាងមុខដើម្បីធ្វើផ្លូវ សម្រាប់ចេញ-ចូលទៅមក ។ រីឯប្រជាពលរដ្ឋ គេនាំគ្នាកាត់ដីផ្នែកខាងក្រោយឱ្យទៅជាដីកម្មសិទ្ធិរបស់លោកជំទាវ ជា លាភ អភិបាលរងខេត្ត គឺព្រមព្រៀងគ្នាទទួលយកការធ្វើផ្លូវទទឹងប្រវែង៣ម៉ែត្រ លុះពេលឈូសឆាយធ្វើផ្លូវ ស្រាប់តែលើសរហូតដល់ទទឹង៦ម៉ែត្រ ។ ប្រហែលជាគាត់ខឹង ទើបបញ្ជាឱ្យកូនចៅយកបង្គោលរបង ស៊ីម៉ង់តិ៍បិទផ្លូវតែម្តង ។ គាត់បន្តទៀតថា បើសិនជាព្រមព្រៀងគ្នាដោះដូរប្រវែង៣ម៉ែត្របែបនេះហើយ បើគេធ្វើលើសរហូតដល់៦ម៉ែត្រ មិនគួរបិទទាំងអស់នោះទេ គួរតែទុកផ្លូវប្រវែង៣ម៉ែត្រ សម្រាប់ការធ្វើដំណើរចេញ-ចូលទៅមករបស់ប្រជាពលរដ្ឋក្នុងភូមិ ។ លោកមេភូមិ ក៏មានការសោកស្តាយយ៉ាងខ្លាំង ព្រោះអាចនឹងប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិខ្លួន គាត់ក៏សំណូមពរឱ្យម្ចាស់ដីជាអភិបាលរងខេត្តខាងលើ មេត្តាសម្បទានដីផ្លូវខាងលើទៅឱ្យប្រជាពលរដ្ឋខ្លះទៅ ព្រោះគេ បានកាត់ដីផ្នែកខាងក្រោយឱ្យទៅគាត់អស់ហើយដែរ បើធ្វើបែបនេះ ដូចជាអាក្រក់មើលខ្លាំងណាស់ ៕ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img