More

    អាជ្ញាធរបាត់ដំបងដុតបំផ្លាញសាច់មាន់ ឆ្អឹងមាន់ និងប្រហិតខូចគុណភាពចំនួន០៥តោន

    spot_img


    (បាត់ដំបង)​ ទំនិញជាសាច់មាន់ ឆ្អឹងមាន់ និងប្រហិតខូចគុណភាពចំនួន ៥០០០គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងធ្វើពិធីដុតបំផ្លាញចោល ក្រោយពីមន្ត្រីជំនាញចុះចាប់យកបានពីឈ្មួញទុច្ចរិតលួចនាំចូលពីទឹកដីប្រទេសថៃ។

    លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអោយដឹងថា
    ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពប្រជាពលរដ្ឋ របស់ថ្នាក់ដឹកនាំ ក៏ដូចជាឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាក់ស្តែងនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២០១នេះ កម្លាំងការិយាល័យបង្ក្រាបបទល្មើសតំបន់៤(គយហុងឡុង) សហការជាមួយកម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងមន្ត្រី .ក.ប.ប.សាខាខេត្តបាត់ដំបង ចុះបង្រ្កាបនិងដកហូតបានសាច់មាន់ ឆ្អឹងមាន់ និងប្រហិតចម្រុះខូចគុណភាពចំនួន ៥០០០គីឡូក្រាម ពីក្រុមឈ្មួញដែលបានលួចដឹកបង្កប់តាមរថយន្តនាំចូលពីប្រទេសថៃដោយខុសច្បាប់។

    លោកបន្តថា ក្រោយពីបង្ក្រាបដកហូតបានវត្ថុតាងសាច់មាន់និងប្រហិតខូចគុណភាពទាំងអស់នោះត្រូវបានអាជ្ញាធរធ្វើពិធីដុតកំទេចចោលនៅទីលានចាក់សម្រាម ស្ថិតនៅក្នុងក្រុងបាត់ដំបង ក្រោមការចូលរួមពី លោកប្រធានការិយាល័យបង្ក្រាបបទល្មើសតំបន់៤(ហុងឡុង)និងសហការី លោកប្រធាន.ក.ប.ប.សាខាខេត្ត និងសហការី និងលោក ផេង សិទ្ធី អភិបាលក្រុង រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានចូលរួមផងដែរ។

    ជាមួយគ្នានេះលោក ផេង សិទ្ធី អភិបាលក្រុងក៏បានចូលរួមសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំនាំយកនូវរាល់ទំនិញណាដែលខូចគុណភាពចូលមកកម្ពុជាអី ព្រោះវាជាអំពើខុសច្បាប់ វានាំអោយមានការចាប់ឃាត់ដូចជាករណីខាងលើ ហើយមួយវិញទៀតសូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ កុំពិសារ
    អាហារណាដែលខូចគុណភាព ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់បង
    ប្អូន និងត្រូវរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតអ្នកនៅពេលណាដែលប្រទះឃើញមានការសង្ស័យទៅលើមុខទំនិញណាមួយដែលមានការសង្ស័យថាខូចគុណភាព និងហួសសុពលភាពប្រើប្រាស់៕ដោយភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img