More

    រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤២នាក់ ភាគច្រើន គឺអ្នកចូលលេងល្បែងក្នុងកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃ

    spot_img

    (ប៉ៃលិន)៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីធ្វើតេស្តរហ័សទៅលើប្រជាពលរដ្ឋចំនួន៤២នាក់ ដែលភាគច្រើន គឺជាអ្នកចូលលេងក្នុងកាស៊ីណូ នៅជាប់ច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយត្រូវបានក្រុមគ្រូពេទ្យបង្អែកខេត្តប៉ៃលិន រកឃើញវិជ្ជមានទាំងអស់ ។ ដូច្នេះ គេមានការព្រួយបារម្ភខ្លាំង ខណ:ពួកគាត់ទាំងអស់ នោះគឺរស់នៅតាមភូមិនានាស្ទើរតែទូទាំងខេត្តប៉ៃលិន ។

    ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយពីរដ្ឋបាលខេត្តប៉ៃលិន បានសម្រេចបិទផ្អាកបណ្តោះអាសន្ន ទីតាំងអាជីវកម្ម ក្រុមហ៊ុន ស៊ុបភើ រិច (Super Rich) និងក្រុមហ៊ុន ខ្លាខ្មៅ ថែមទាំងបិទផ្សារព្រំថ្មី (ហៅផ្សារតាប៉ាច) ដោយជាប់ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ គេបានរកឃើញអ្នកកើតជំងឺកូវីដ-១៩ រហូតដល់ទៅ៤២នាក់ ដែលពួកគេទាំងនោះភាគច្រើនគឺជាអ្នកធ្វើការ បុគ្គលិក និងអ្នកលេងល្បែងក្នុងក្រុមហ៊ុនកាស៊ីណូតែម្តង ។

    ក្នុងកំឡុងពេលផ្អាកបណ្តោះអាសន្ន រដ្ឋបាលស្រុកសាលាក្រៅ បានហ៊ុព័ទ្ធជុំវិញក្រុមហ៊ុនទាំងមូល ផ្អាកការចេញចូលក្នុងបរិវេណក្រុមហ៊ុន ដោយធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល និងអ្នកដែលគេចខ្លួន ដើម្បីយកមកធ្វើចត្តាឡីស័ក យកវត្ថុសំណាក ហើយចំពោះទីតាំង និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ខាងលើ រដ្ឋបាលខេត្តប៉ៃលិន បានចេញវិធានការផ្អាកជាបណ្តោះអាសន្ន និងបានយកអគារក្រុមហ៊ុនកាស៊ីណូខាងលើ មកធ្វើជាកន្លែងចត្តាឡីស័ក១៤ថ្ងៃ ។

    ប្រភពបញ្ជាក់ថា អ្នកដែលឆ្លងជំងឺកូវីដ-១៩ មកពីតាមបណ្តាភូមិនានាក្នុងខេត្តប៉ៃលិន និង អ្នករស់នៅក្រៅខេត្តផងដែរ ដែលអ្នកឆ្លងទាំងនោះមកពី ៖ ភូមិអូរតាពុកក្រោម០១នាក់ ភូមិអូរតាប្រាង០១នាក់ ភូមិសួនអំពៅលិច០៣នាក់ ភូមិតាង៉ែនក្រោម០១នាក់ ភូមិវត្ត០២នាក់ ភូមិអូរស្ងួត០២នាក់ ភូមិប៉ាហ៊ីត្បូង០២នាក់ ភូមិផ្សារព្រំជើង០៨នាក់ ភូមិផ្សារព្រំ១៦នាក់ ភូមិអូរឈើក្រំ០៣នាក់ ភូមិអូររអិល០១នាក់ ភូមិអូរក្រូច ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង០១នាក់ និងភូមិគួតស្រូវ សង្កាត់ពោធិ៍សែនជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ០១នាក់ ។

    ដូច្នេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែល មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ខាងលើ សូមតាមដានសុខភាពជាប្រចាំ បើសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។ សូមឱ្យចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img