
ភ្នំពេញ៖ បុរសម្នាក់បានធ្វើអត្តឃាត លោតពីលើស្ពានអាកាសថ្មើរជើង នៃអាគារទីក្រុងអូឡាំព្យា បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងបរិវេណទីក្រុងអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករារាជធានីភ្នំពេញ។
អត្តសញ្ញាណបុរសខាងលើ នៅមិនទាន់ស្គាល់នៅឡើយ វ័យប្រហែល៣០ឆ្នាំ ពាក់ខោជើងវែង ពណ៌គគីរ អាវយឺតដៃខ្លីពណ៌ក្រហម ត្រូវសន្តិសុខនិងបុគ្គលិក អូឡាំព្យា នាំគ្នាយកឡាំងក្រដាស ឈរព័ទ្ធបិទជិតជុំវិញសាកសព ធ្វើអោយអ្នកដំណើរ និងអ្នករស់នៅក្បែរនោះ មើលពីចម្ងាយមិនអាច ស្គាល់ជានរណានោះទេ។
យោងតាមវីដេអូ ដែលថតបាន ចេញពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅវេលាកើតហេតុខាងលើ បុរសនោះបានដើរយ៉ាងលឿនមក ដល់ពាក់កណ្ដាលស្ពានអាកាសថ្មើរជើង ចំណុចកើតហេតុ ក៏លោតចុះមក បណ្ដាលឱ្យស្លាប់ភ្លាមតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានមកពិនិត្យទីតាំងកើតហេតុ និងពិនិត្យលើកសាកសព រួចបញ្ជាក់ថា ពិតជាករណីធ្វើអត្តឃាតពិតប្រាកដមែន រួចសាកសព ត្រូវបាន ដឹកតាមរថយន្តយកទៅតម្កល់នៅវត្តភ្លាមៗ ប៉ុន្តែមិនដឹងវត្តណានោះទេ អ្នកសារព័ត៌មានជាច្រើនរូប ត្រូវរារាំងដោយក្រុមសន្តិសុខ មិនអោយចូលទៅជិត សាកសួរព័ត៌មានអ្វីទាំងអស់៕ រូបភាព និងអត្ថបទ៖ ឆាយ តារា