
(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃអង្គារ៍ ទី25 ខែឧសភា ឆ្នាំ2021 បានបើកបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រុក ដល់ប្រជាពលរដ្ឋនៅភូមិស្រេះ ឃុំ.ស្រុកព្រះនេត្រព្រះ ជាលក្ខណៈគ្រួសារ និងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្កើនចំណូលក្នុងជីវភាពគ្រួសារ។
លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានថ្លែងថា ដើម្បីជួយលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងវិស័យកសិកម្មផងនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី4 (RET-IV) បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រុក និងធ្វើបង្ហាញ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើនចំណូលក្នុងជីវភាពគ្រួសារ។
លោក លី សារី អភិបាលរងខេត្ត និងមន្រ្តីជំនាញបានធ្វើការលើកទឹកចិត្ត និងណែនាំអំពីបច្ចេកទេសពីការចិញ្ជឹមមាន់ ដើម្បីបង្កើនចំណូលក្នុងជីវភាពគ្រួសារ ហើយក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ ឃុំ ស្រុកថែមទៀតផង ព្រោះថា ការចិញ្ចឹមមានស្រែ អាចហៅបានថាមាន់ធម្មជាតិ ដែលមិនធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកទទួលទាន និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលពីប្រទេសជិតខាងផងដែរ។
ការចិញ្ចឹមសត្វ អាចជាមុខរបរមួយនៅពេលទំនេរពីការងារបង្កបង្កើនផលស្រូវ។ ម្យ៉ាងវិញទៀតស្ថិតក្នុងសភាពការដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងជំងឺកូវីដ-19នាពេលនេះ។
សូមបញ្ជាក់ថា តាមរយៈ វគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រុក ប្រជាពលរដ្ឋទទួលបច្ចេកទេសជាច្រើនដូចជា ការសាងសង់ទ្រង់ រៀបចំសំបុក ការប្រើប្រាស់វ៉ាក់សាំង ការធ្វើអនាម័យ ការប្រើប្រាស់ឧបករណ៍ដាក់ចំណី ទឹក ពិធីការការពារ និងព្យាបាលពីជំងឺ និងចំណេះដឹងផ្សេងៗមួយចំនួនទៀតផងដែរ៕ ដោយ ក្តាមស្រែ