More

    បុរសម្នាក់ដែលសម្លាប់ប្រពន្ធ​ និងកូន 5 នាក់នៅខេត្តកំពង់ឆ្នាំង ត្រូវបានតុលាការសម្រេច ដាក់ពន្ធនាគារអស់មួយជីវិត

    spot_img

    កំពង់ឆ្នាំង៖ បុរសជាឪពុកដែលបានសម្លាប់ប្រពន្ធ និងកូនរបស់ខ្លួន នៅខេត្តកំពង់ឆ្នាំងនោះ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សម្រេចផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះចំនួន ៥នាក់ និងបទលាក់បំបាំងភស្តុតាង។ បទល្មើសនេះ មានចែងក្នុងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ បទល្មើសឃាតកម្មគិតទុកជាមុនគឺ មានទោសជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក។ ជនជាប់ចោតឈ្មោះ នន់ សារ៉េត អាយុ ២៨ឆ្នាំ។

    យោងតាមការស៊ើបអង្កេត ពាក់ព័ន្ធទៅនឹងភស្តុតាងដែលបានរកឃើញនៅកន្លែងកើតហេតុគឺ នៅវេលាម៉ោង ៨យប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ជនល្មើសមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធអាយុ ៣៨ឆ្នាំ របស់ខ្លួននៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍។ នៅពេលនោះក៏ជនល្មើសបានយកកន្ត្រៃទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កឱ្យគាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនល្មើសបានបន្តហឹង្សាទៅលើកូនរបស់ខ្លួនដែលមានអាយុ ៣ឆ្នាំ បង្កឱ្យបាត់បង់ជីវិត។

    ភស្តុតាងបានបង្ហាញថា ជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួនអាយុ ៩ឆ្នាំ ដោយច្របាច់ក។ ពេលនោះកូនភ្លោះពីរនាក់ទៀតដែលមានអាយុ ៧ឆ្នាំ បានប្រទះឃើញអំពើទាំងនេះក៏រត់ចូលទៅក្នុងបន្ទប់គេង ហើយកាន់ ឬអោបគ្នាដោយមានការភ័យខ្លាច។ ភស្តុតាងបានបង្ហាញថា ជនល្មើសបានខ្ទាស់សោរបន្ទប់គេងពីខាងក្រៅ។ បន្ទាប់មកជនល្មើសបានដុតពូក និងខោអាវដើម្បីផ្តើមអគ្គីភ័យ។ ជនល្មើសបានរងចាំនៅក្នុងផ្ទះរហូតដល់ពេលអគ្គីភ័យចាប់ផ្តើមរីករាលដាលទាំងដឹងថា កូនភ្លោះពីរនាក់នៅមានជីវិតនៅឡើយ ហើយជាប់សោរនៅក្នុងបន្ទប់គេង។ ពេលដែលអគ្គីភ័យបានឆាបឆេះផ្ទះទាំងស្រុង ជនល្មើសបានចេញក្រៅផ្ទះ និងរងចាំរហូតដល់អ្នកជិតខាងប្រទះឃើញ។

    ក្នុងករណីនេះ ជនរងគ្រោះខ្លះបានស្លាប់ដោយរបួសមុនពេលអគ្គិភ័យ ហើយមួយចំនួនទៀតបានស្លាប់នៅក្នុងអគ្គិភ័យ។ ចំណែកសាកសពកូនភ្លោះត្រូវបានរកឃើញក្នុងស្ថានភាពអោបគ្នា។

    សូមបញ្ជាក់ថា ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅយប់កើតហេតុ ហើយបានផ្តល់សេចក្តីបំភ្លឺមួយចំនួនទៅកម្លាំងសមត្ថកិច្ចរៀបរាប់អំពីការផ្តើមនូវអគ្គិភ័យនោះ។ ក្នុងពេលនោះ ក្រុមការងារជំនាញក៏បានចាប់ផ្តើមធ្វើកោសល្យវិច័យទៅលើសាកសព និងកន្លែងកើតហេតុទាំងស្រុង។ ពេលដែលក្រុមការងារបានរៀបរាប់ និងសួរអំពីភស្តុតាងវិទ្យាសាស្ត្រមួយចំនួនទៅកាន់ជនល្មើស គេក៏ចាប់ផ្តើមសារភាពពីអំពើឃាតកម្ម និងអគ្គិភ័យ។

    សូមជម្រាបថា ករណីឃាតកម្មនោះមានការចូលរួមស៊ើបអង្កេតដោយ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, សមាជិកនៃក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្ត្រ (FST) នៃអង្គភាពការពារកុមារ (CPU) និងអ្នកជំនាញនៅប្រទេសអូស្ត្រាលី ផងដេរ៕ ដោយ ឆាយ​​​ តារា

    spot_img

    អត្ថបទទាក់ទង

    spot_img