More

    ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់ផ្ទះប្រជាពលរដ្ឋនិង ផ្លូវថ្នល់តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សឬសត្វ

    spot_img

    (ប៉ៃលិន) នៅវេលាម៉ោង២ទាបភ្លឺថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យរលំដួលដើមឈើទៅលើផ្លូវថ្នល់ និងរលំសង្កត់លើដំបូលផ្ទះប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ តែសំណាងល្អ មិនមាននរណាម្នាក់ ទទួលរងគ្រោះ ថ្នាក់ដល់អាយុជីវិតនោះទេ។

    ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រ ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងស្ថិតនៅក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

    ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅពេលយប់រំលងអធ្រាត្រ ខណ:ពេលដែលប្រជាពលរដ្ឋកំពុង តែនាំគ្នាដេកសម្រាកលង់លក់នៅតាមផ្ទះរៀងៗ ខ្លួន ស្រាប់តែឮសម្លេងខ្យល់បក់បោកមកពីទិសខាងកើតយ៉ាងខ្លាំង ដែលធ្វើឱ្យគ្រប់គ្នាមានការព្រួយបារម្ភ ក្រែងបាក់ដើមឈើរលំសង្កត់ផ្ទះ ឬប៉ើងដំបូលស័ង្កសីជាដើម ។ តែដោយសារយប់ងងឹតសូន្យសុង គេមិនអាចងើបចេញទៅមើលសកម្មភាពភ្លៀងលាយខ្យល់កន្ត្រាក់បាន ដោយនាំគ្នាសម្ងំនៅក្នុងមុងដេកស្តាប់សម្លេងខ្យល់ប៉ុណ្ណោះ ។

    តែមួយសន្ទុះក្រោយមក ស្រាប់តែខ្យល់បក់បោកកាន់តែខ្លាំងឡើងៗ ធ្វើឱ្យមានការរលំដើមឈើទៅលើផ្លូវថ្នល់ រលំដើមដូង ដើមស្វាយទៅលើរបងផ្ទះប្រជាពលរដ្ឋផងដែរ ។ ប្រភពបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ មានដើមស្វាយ១ដើមធំ ក៏បានរលំដួលទៅលើសំយាបដំបូលផ្ទះ បណ្តាលឱ្យខូចខាតផ្នែកខាងមុខ ១គ្រួសារ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ។

    ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ព្រឹកថ្ងៃដដែលនេះ គេមិនទាន់ឃើញមានព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងខ្យល់កន្ត្រាក់នេះទេ ពោលគឺមិនមានការប៉ើងដំបូលផ្ទះប្រជាពលរដ្ឋច្រើន ដូចកាលពីពេលថ្មីៗ នៅឡើយទេ ។

    ចំណែកអាជ្ញាធរមូលដ្ឋាន កំពុងចុះស្វែងរកផ្ទះប្រជាពលរដ្ឋរងគ្រោះ ដើម្បីងាយ ស្រួលក្នុងការជួយដោះស្រាយជូនពួកគាត់ នៅពេលក្រោយផងដែរ ៕ដោយភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img